ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា បាឡុងចារកម្មរបស់ចិន បំពានចូលដែន អាកាសអាមេរិក ខណៈយោធាពិចារណា ពីជម្រើសបាញ់ទម្លាក់

បរទេស ៖ មន្ទីរបញ្ចកោណបានប្រទះឃើញអ្វីដែលខ្លួនជឿថា ជាបាឡុងឃ្លាំមើល ដែលស្ថិតនៅភាគខាងជើង សហរដ្ឋអាមេរិក ហើយកំពុងតាមដាន យ៉ាងដិតដល់ ទោះបីជាសេតវិមាន បានណែនាំមិនឲ្យចាត់វិធានការ យោធាដើម្បីបាញ់ទម្លាក់បាឡុងនោះក៏ដោយ ។ បាឡុងដែលមន្ត្រីជាន់ខ្ពស់ និយាយថាជារបស់ប្រទេសចិន ត្រូវបានគេប្រទះឃើញដំបូងនៅថ្ងៃពុធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក «បានរកឃើញ និងកំពុងតាមដានបាឡុងឃ្លាំមើល ដែលនៅរយៈកម្ពស់ខ្ពស់ ដែលស្ថិតនៅលើទ្វីបអាមេរិក នាពេលនេះ» ហើយកំពុងឃ្លាំមើលយ៉ាងដិតដល់ ។ បាឡុងនេះត្រូវបានបញ្ជាក់ចុងក្រោយថា បានឃើញនៅលើអាកាស ពីលើទីក្រុង Billings រដ្ឋ Montana ប៉ុន្តែទីតាំងបច្ចុប្បន្នរបស់វាមិន ត្រូវបានបញ្ចេញឱ្យដឹងនោះទេ ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ដែលបញ្ជាដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិ Lloyd Austin មន្ត្រីយោធា កំពូលបានពិភាក្សា អំពីរបៀបឆ្លើយតបទៅនឹង បាឡុងនោះ ហើយបានពន្យល់ ប្រាប់សេតវិមានអំពីទីតាំងរបស់វា ដោយធានាថា វាមិនបង្កការគំរាមកំហែង ដល់យន្តហោះដោយសារតែកម្ពស់ខ្ពស់របស់វា ។ យោធានៅតែពិចារណាពីជម្រើសបាញ់ទម្លាក់ផងដែរ ៕

To Top