ព័ត៌មានអន្តរជាតិ

រុស្ស៊ី ៖ វាយប្រហារភេរវកម្ម ដោយការបំផ្ទុះ គ្រាប់បែកក្នុងរថយន្ត បណ្តាលឱ្យមនុស្សម្នាក់ ស្លាប់ នៅ Zaporozhye អតីតទឹកដីអ៊ុយក្រែន

បរទេស ៖ មន្ត្រីក្នុងតំបន់ម្នាក់ បានរាយការណ៍ថា គ្រាប់បែកក្នុងរថយន្តដ៏មាន ឥទ្ធិពលមួយបានផ្ទុះនៅក្នុងទីក្រុង Energodar ក្នុងតំបន់ Zaporozhye ជួរមុខរបស់ប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Vladimir Rogov ការបំផ្ទុះបានកើតឡើង នៅពេលព្រឹក ហើយបានសម្លាប់មនុស្សយ៉ាង ហោចណាស់ម្នាក់ ។ លោកបានពណ៌នា ហេតុការណ៍នេះថា នេះជាការវាយប្រហារភេរវកម្ម។

ទីភ្នាក់ងារព័ត៌មាន TASS បាននិយាយថា កម្លាំងប៉ូលិសក្នុងតំបន់បានកំណត់ អត្តសញ្ញាណជនរងគ្រោះថា ជាមន្ត្រីរបស់ខ្លួនម្នាក់ នៅក្នុងរបាយការណ៍បឋម ។

មន្ត្រីដដែលបាននិយាយថា ការផ្ទុះនេះបានវាយប្រហារ តំបន់លំនៅដ្ឋានមួយ ហើយការ បំផ្ទុះនេះមានកម្លាំង គ្រប់គ្រាន់ដើម្បីបំបែកកញ្ចក់ នៅក្នុងអគារផ្ទះល្វែងដែលមានកម្ពស់ រហូតដល់ជាន់ទីប្រាំបួន និងដើម្បីបំផ្លាញរថយន្ត ដែលចតនៅក្បែរនោះ។

តំបន់ Zaporozhye ដែលពីមុនជាផ្នែកមួយនៃប្រទេស អ៊ុយក្រែន បានចូលរួមជាមួយប្រទេសរុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីប្រជាជននៅទីនោះ បានបោះឆ្នោតប្រជាមតិ សម្រាប់ការផ្លាស់ប្តូរ។ ទីក្រុងគៀវបានច្រានចោល ចំពោះការធ្វើប្រជាមតិនេះ ដោយចាត់ទុកថា នេះជាការបោកប្រាស់។ Energodar គឺគួរឱ្យកត់សម្គាល់ជាទីតាំង នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលជារោងចក្របរមាណូ ដ៏ធំបំផុតនៅអឺរ៉ុប៕

To Top