ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អះអាងថា កងទ័ពអ៊ុយក្រែន នឹងមិនចុះចាញ់ក្នុងសមរភូមិ Bakhmut នោះទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែននឹងមិនចុះចាញ់នឹងការប្រយុទ្ធគ្នានៅ Bakhmut នៅភាគខាងកើតនៃប្រទេសនេះទេ ខណៈកងកម្លាំងរបស់ទីក្រុងម៉ូស្គូ បន្តការវាយលុករបស់ពួកគេប្រឆាំងនឹងទីក្រុង ដែលមេដឹកនាំអ៊ុយក្រែនបានពិពណ៌នាថាជា “បន្ទាយធមរបស់ខ្លួន” ។

ទីក្រុងដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុកនៅក្នុងតំបន់ Donetsk បានស្ថិតនៅចំកណ្តាលនៃការប្រយុទ្ធជាច្រើនខែ ហើយលោក ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែននឹងបន្តរក្សាវាឱ្យបានយូរតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងគៀវ ជាមួយមេដឹកនាំសហភាពអឺរ៉ុប។

លោកបន្ដថា “គ្មាននរណាម្នាក់នឹងចុះចាញ់នៅ Bakhmut នោះទេ។  យើងនឹងប្រយុទ្ធឱ្យបានយូរតាមដែលអាចធ្វើទៅបាន” នៅពេលដែលលោកជួបជជែកគ្នាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ដែលនៅក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ទីក្រុងគៀវ ក្នុងរយៈពេលតិចជាងបីសប្តាហ៍ និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។  

លោក ហ្សេឡិនស្គី បានបន្ថែមថា “ប្រសិនបើការដឹកជញ្ជូនអាវុធ ត្រូវបានពន្លឿន – ពោលគឺអាវុធរយៈចម្ងាយឆ្ងាយ យើងមិនត្រឹមតែមិនដកខ្លួនចេញពី Bakhmut នោះទេ យើងនឹងចាប់ផ្តើមកម្ចាត់តំបន់ Donbas” ដោយសំដៅទៅលើតំបន់ភាគខាងកើតដែលមានខេត្ត Donetsk និង Luhansk ។

ទីក្រុងមូស្គូបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងឡោមព័ទ្ធតំបន់ Bakhmut ពីទិសដៅជាច្រើន និងប្រយុទ្ធដើម្បីគ្រប់គ្រងផ្លូវដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែនផងដែរ។

ការអត្ថាធិប្បាយមិនពេញចិត្តរបស់លោក ហ្សេឡិនស្គី លើសមរភូមិ Bakhmut បានកើតឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួនទៅកាន់ទីក្រុងគៀវ ក្នុងអំឡុងពេលដែលមេដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យមានការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ប្រទេសរបស់លោកទៅកាន់ប្លុកក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top