ព័ត៌មានអន្តរជាតិ

ត្រឹមបាឡុងខ្យល់ អាមេរិកប្រើយន្ដហោះចម្បាំង ធុន F-22 ដើម្បីបាញ់ទម្លាក់

បរទេស៖ យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលសង្ស័យនៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina មួយសប្តាហ៍បន្ទាប់ពីវាបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក ហើយបានបង្កឱ្យមានរឿងអាស្រូវចារកម្មយ៉ាងខ្លាំងដែលធ្វើឱ្យទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែអាក្រក់ឡើង។

ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកបានចេញបញ្ជាមួយកាលពីថ្ងៃពុធ ដើម្បីទម្លាក់បាឡុងខ្យល់ ប៉ុន្តែមន្ទីរបញ្ចកោណបានផ្តល់អនុសាសន៍ឱ្យរង់ចាំរហូតដល់វាអាចធ្វើបាន នៅលើទឹកបើកចំហដើម្បីការពារជនស៊ីវិលពីការធ្លាក់កំទេចកំទីមកផែនដី។

បាឡុងខ្យល់របស់ចិន បាន​ហោះ​នៅ​ចម្ងាយ​ប្រហែល ១៨៣០០ ម៉ែត្រ (៦០០០០ហ្វីត)។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “យើងបានយកវាទម្លាក់ដោយជោគជ័យ ហើយខ្ញុំចង់សរសើរ អ្នកអាកាសចរណ៍របស់យើង ដែលបានធ្វើវា” ។

យន្តហោះចម្បាំង និងប្រេងសាំងជាច្រើនគ្រឿងបានចូលរួមក្នុងបេសកកម្ម ប៉ុន្តែមានតែយន្តហោះចម្បាំង F-22 មួយគ្រឿងពីមូលដ្ឋានទ័ពអាកាស Langley ក្នុងរដ្ឋ Virginia បានបាញ់នៅម៉ោង ២ និង ៣៩ នាទីរសៀល ម៉ោងក្នុងស្រុក ដោយប្រើមីស៊ីល AIM-9X តែមួយ។  មន្ត្រីយោធាជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា មីស៊ីលបាញ់ពីអាកាសទៅអាកាស ដែលស្វែងរកកំដៅបានលឿនជាងសំឡេង។

ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាឱ្យបញ្ឈប់ជើងហោះហើរជុំវិញឆ្នេរសមុទ្រ South Carolina ដោយសារតែអ្វី ដែលខ្លួនបាននិយាយនៅពេលនោះគឺជា “កិច្ចខិតខំប្រឹងប្រែងសន្តិសុខជាតិ” ដែលមិនត្រូវបានបង្ហាញឱ្យដឹង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top