ព័ត៌មានអន្តរជាតិ

Update៖ កប៉ាល់ និងយន្តហោះឆ្មាំសមុទ្រកូរ៉េខាងត្បូង កំពុងស្វែងរកជនរងគ្រោះ ក្រោយលិចទូកនេសាទ បាត់ខ្លួនមនុស្ស៩នាក់  

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ កប៉ាល់ និងយន្តហោះឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូង កំពុងស្វែងរកនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រ ភាគនិរតីរបស់ប្រទេសនេះ រកមើលអ្នកនេសាទចំនួន៩នាក់ ដែលបានបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេលិច ។

ឆ្មាំឆ្នេរសមុទ្រមកពីទីក្រុងកំពង់ផែ Mokpo ភាគនិរតីបានឲ្យដឹងថា សមាជិកនាវិក៣នាក់ត្រូវបានជួយសង្គ្រោះ ដោយនាវាពាណិជ្ជកម្មនៅក្បែរនោះបន្ទាប់ពីឧប្បត្តិហេតុ កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងដែនទឹកក្បែរកោះ Daebichi ក្នុងតំបន់សមុទ្រស៊ីណាន ។

អ្នកនៅរស់រានមានជីវិតបានឲ្យដឹងថា បន្ទប់ម៉ាស៊ីនរបស់ទូកបានពោរពេញទៅដោយទឹកហុកហូរចូលយ៉ាងលឿន មុនពេលដែលទូកមានទម្ងន់២៤តោនបានក្រឡាប់ ។ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្របានឲ្យដឹងដូច្នេះ ។

ក្រុមមន្ត្រីកំពុងរៀបចំផែនការជួយសង្គ្រោះទូកនេះ ប៉ុន្តែគេមិនដឹងថា តើនាវិក៩នាក់ដែលបាត់ខ្លួននោះនឹងនៅខាងក្នុងឬយ៉ាងណានោះទេ  ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top