គៀវ៖ អ្នកនយោបាយជាន់ខ្ពស់ មួយរូបបានឲ្យដឹងថា ប្រធានផ្នែកចារកម្មយោធារបស់អ៊ុយក្រែន លោក Kyrylo Budanov ត្រូវបានកំណត់ឱ្យជំនួសលោក Oleksiy Reznikov ជារដ្ឋមន្ត្រីក្រសួងការពារជាតិ មុនពេលការវាយលុករបស់រុស្ស៊ី ដែលរំពឹងទុក និងបន្ទាប់ពីរឿងអាស្រូវពុករលួយ។
លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ល្ងាចរបស់លោកថា “យើងកំពុងរៀបចំការសម្រេចចិត្ត និងការចរចា ដែលគួរតែពង្រឹងទាហានរបស់យើង ផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រអន្តរជាតិ និងអាវុធជាច្រើនទៀត” ។
ក្នុងសប្តាហ៍នេះ លោក ហ្សេឡិនស្គី បានបង្កើនការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយរបស់ប្រទេសនេះ បន្ទាប់ពីលោកបានលើកឡើងថា លោកចង់ឱ្យកិច្ចពិភាក្សា ស្តីពីសមាជិកភាពអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប ចាប់ផ្តើមនៅឆ្នាំនេះ។
ការបង្ក្រាបប្រឆាំងអំពើពុករលួយរបស់ លោក ហ្សេឡិនស្គី ពិតជាមានសំខាន់ ចំពោះអ៊ុយក្រែនដែលរក្សា បានការគាំទ្រពីសម្ព័ន្ធមិត្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
អ្នកនយោបាយជាន់ខ្ពស់ដែលស្និទ្ធនឹងលោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលក្រោយ កាលពីថ្ងៃអាទិត្យថាលោក Reznikov អាយុ ៥៦ឆ្នាំដែលជាអ្នកមានមុខមាត់ដ៏ល្បីម្នាក់ នៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ប្រទេស នឹងត្រូវបានជំនួសតំណែង។
អ្នកនយោបាយ David Arakhamia បានឲ្យដឹងថា “លោក Kyrylo Budanov នឹងដឹកនាំក្រសួងការពារជាតិ ដែលពិតជាសមហេតុផលក្នុងសម័យសង្រ្គាម” ។ លោក Budanov អាយុ ៣៧ឆ្នាំ កាន់តំណែងជាឧត្តមសេនីយ៍ឯក បានដឹកនាំស៊ើបការណ៍យោធា តាំងពីខែសីហា ឆ្នាំ ២០២០ ៕
ប្រែសម្រួល ឈូក បូរ៉ា