ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ នៅតួកគី បណ្តាលឲ្យពលរដ្ឋរហូតដល់ជាង៩០០នាក់បាត់បង់ជីវិត

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ជំនួយត្រូវបានបង្ហូរចេញពីទីក្រុងធំៗរបស់ប្រទេសតួកគី នៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័របានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងរបស់ប្រទេសនេះ ហើយបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស ។

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងថា មនុស្សប្រហែល៩១២នាក់បានស្លាប់ និងជាង៥,៣៨៥ នាក់ផ្សេងទៀតបានរងរបួស និងអគារចំនួន២,៨១៨ត្រូវបានបំផ្លាញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងចំនួន២លើកបានវាយប្រហារភាគខាងត្បូង តួកគី កាលពីព្រឹកថ្ងៃចន្ទនេះ ។

គ្រោះរញ្ជួយដីលើកទី១ ដែលអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ហៅកាត់(AFAD) របស់ប្រទេសតួកគី បានវាស់វែងជាបឋមកម្រិត៧,៤រ៉ិចទ័រ បានកើតឡើងនៅម៉ោង៤និង១៧នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង១៧នាទី ម៉ោងសកល ហើយគ្រោះរញ្ជួយដីនេះបានបន្តដោយមានការរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ នៅប៉ុន្មាននាទីក្រោយមកនៅក្នុងខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេស និងការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រនៅម៉ោង១និង២៤នាទីរសៀលម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១០និង២៤នាទីម៉ោងសកល នៅខេត្ត Kahramanmaras ។ ការខូចខាតត្រូវបានគេរាយការណ៍ថា នៅក្នុងខេត្តយ៉ាងតិចចំនួន១០នៅភាគខាងត្បូង និងភាគអាគ្នេយ៍តួកគី ។

លោក Erdogan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងមុនការរញ្ជួយដីលើកទី៣ថា មនុស្សសរុបចំនួន ២.៤៧០នាក់ត្រូវបានគេជួយសង្គ្រោះពីគំនរបាក់បែក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top