ព័ត៌មានអន្តរជាតិ

Update: ទោះបីជាប់ដៃ ក្នុងសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីប្រកាសត្រៀមផ្ដល់ជំនួយអាសន្ន ដល់គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ ដល់ប្រទេសតួកគី និងប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ បានវាយប្រហារប្រទេសទាំងពីរនេះ។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lavrov បានផ្ញើសាររំលែកទុក្ខដល់ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad ផងដែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថាលោក Lavrov ក៏បានពាំនាំនូវពាក្យនៃការគាំទ្រដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ និងបានជូនពរឱ្យអ្នករបួស ឆាប់ជាសះស្បើយឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមអាជ្ញាធរតួកគី និងស៊ីរី បានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារ ភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦៥១នាក់ និងរបួស២៣១៦នាក់ទៀត នៅក្នុងទីក្រុងរបស់តួកគី ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨៧០ នាក់បានស្លាប់ និង ១៣២៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសស៊ីរី ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top