ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុអ្វីបានជាមិត្តភាពរវាង កម្ពុជានិងចិន ឆ្លងកាត់ពេលវេលារឹតតែយូរ រឹតតែរឹងមាំ ?

កាលពីមុន ពេលដែលប្រជាជនចិននិយាយពី«មិត្តដែកថែប»របស់ចិន គេតែងលើកឡើងពីប្រទេសប៉ាគីស្ថានជាដើមដែលជាប្រទេសជិតខាងដ៏មេត្រីភាពរបស់ចិន ។ ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ គេនឹងរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ ។ ហេតុអ្វីបានជាប្រទេសទាំងពីរអាចក្លាយជា«មិត្តដែកថែប»នឹងគ្នា ?

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ ប្រទេសចិននិងកម្ពុជាមានចំណងមិត្តភាពប្រពៃណីដែលមានការប្រាស្រ័យទាក់ទងគ្នាជាយូរណាស់មកហើយក្តី តែជាទំនាក់ទំនងមិត្តភាពទូទៅដែលមិនសូវបង្ហាញពីភាពស្អិតល្មួតខ្លាំងណាស់ណាទេ ។ យ៉ាងណាមិញ បន្ទាប់ពីកិច្ចជំនួបដំបូងរវាងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋជាមួយលោក ជូ អេងឡាយ នាយករដ្ឋមន្ត្រីចិនកាលនោះនៅក្រុងបាឌុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ១៩៥៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងស្មោះត្រង់ដែលជាការចាប់ផ្តើមនៃចំណងមិត្តភាពដ៏អស្ចារ្យនៃថ្នាក់ដឹកនាំទាំងពីរ ហើយក៏ជាការក្រាលផ្លូវសម្រាប់ការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។

នៅឆ្នាំ ១៩៥៨ ចំណងមិត្តភាពកម្ពុជា-ចិនបានបើកសករាជថ្មី ដោយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ។ ការពូនជ្រំមិត្តភាពរវាងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ជាមួយព្រះបរមរតនកោដ្ឋ , ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានតភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រជាជននៃប្រទេសទាំងពីរគោរពរាប់អានគ្នាដោយស្មើមុខស្មើមាត់ ថែរក្សាចំណងមិត្តភាពប្រពៃណី គាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជួយយកអាសាគ្នាក្នុងគ្រាលំបាក ។

ប្រទេសកម្ពុជាបានសម្តែងការគាំទ្រជាច្រើនលើកច្រើនសាចំពោះគោលជំហរក្នុងកិច្ចការអន្តរជាតិរបស់ប្រទេសចិន ពិសេសប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ដែលនេះមិនត្រឹមតែជាសំឡេងគាំទ្រពីមិត្តល្អប៉ុណ្ណោះទេ ហើយក៏ជាសំឡេងគាំទ្រសច្ចធម៌អន្តរជាតិផងដែរ ។ ចំណែកប្រទេសចិនវិញ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក បានយល់ដឹងពីទុក្ខលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា អាស្រ័យហេតុនេះ តែងបានផ្តល់ជំនួយតាមគ្រប់ទម្រង់ចំពោះមិត្តកម្ពុជា ។

មិនថាជនជាតិចិនដែលរស់នៅតកូនតចៅជាច្រើនជំនាន់នៅកម្ពុជា (ជនជាតិខ្មែរជាប់សែស្រឡាយចិន) ឬជនជាតិចិនដែលទើបទៅរស់នៅនិងវិនិយោគទុននៅកម្ពុជាក្តី សុទ្ធសឹងតែបានរួមរស់ជាមួយជនជាតិខ្មែរដោយសុខដុមរមនា ព្រមទាំងរួមចំណែកមិនអាចខ្វះបានចំពោះការអភិវឌ្ឍនៃប្រទេសកម្ពុជា ពិសេសបានជួយជំរុញនិងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការថែរក្សាចំណងមិត្តភាពឱ្យបានគង់រង្ស ។

ពិតមែនតែកម្ពុជាជាប្រទេសតូចមែន តែមានចិត្តទូលាយនិងចេះដឹងគុណ ។ គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងខណៈពេលដែលជំងឺកូវីដ-១៩បានចាប់ផ្តើមផ្ទុះរាលដាលខ្លាំងនៅប្រទេសចិន ដែលប្រទេសមួយចំនួនបានជម្លៀសប្រជាពលរដ្ឋចេញពីប្រទេសចិនឬផ្អាកជើងហោះហើរជាមួយចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្លាយជាថ្នាក់ដឹកនាំបរទេសរូបដំបូងបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងបរិបទកូវីដ ដែលនាំឱ្យប្រជាជនទូទាំងប្រទេសចិនមានក្តីរំភើបនិងនាំគ្នាបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីថ្លែងអំណរគុណចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំគ្នាហៅសម្តេចតេជោថា «បុរសសង្ហាដើរបញ្ច្រាសទិស» ។

ដោយឡែក នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមផ្ទុះរាលដាលជំងឺកូវីដ កម្ពុជាក៏បានក្លាយជាប្រទេសដំបូងក្នុងចំណោមប្រទេសដែលបានទទួលជំនួយជាសម្ភារៈវេជ្ជសាស្ត្រនិងការចាត់បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រពីប្រទេសចិន ដោយប្រទេសចិនបានរំលេចពាក្យស្លោកថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ។

សម្តេចតេជោបានប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដែលបានសបង្ហាញពីជំនឿចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះមិត្តចិន ហើយការពិតជាក់ស្តែងក៏បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជារឿងត្រឹមត្រូវ ព្រោះជំនួយវ៉ាក់សាំងរបស់ចិនបានជួយកម្ពុជាឱ្យបង្កើតជាប្រព័ន្ធភាពស៊ាំសង្គម ព្រមទាំងកាត់បន្ថយករណីឈឺធ្ងន់ និងចំនួនអ្នកស្លាប់បាត់បង់ជីវិតឱ្យដល់កម្រិតអប្បបរមា ។

ជំងឺរាតត្បាតគ្មានមនោសញ្ចេតនា តែមនុស្សយើងមានសមានចិត្ត ។ ឆ្លងតាមរយៈការជួយគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង បានបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានគ្នាយ៉ាងស្មោះស្មើរវាងប្រជាជននៃប្រទេសទាំងពីរ ដែលបានបង្កើតជា«មិត្តដែកថែប»ក្នុងយុគសម័យថ្មី ។

ក្រោយពីខកខានអស់រយៈពេលបីឆ្នាំ នៅថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សកិច្ចជាថ្មីម្តងទៀតលើទឹកដីដែលសម្តេចធ្លាប់បាន«ធ្វើដំណើរបញ្ច្រាសទិស»ក្នុងពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ ។ យើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងក្លាយជានិមិត្តសញ្ញាថ្មីនៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីថែមទៀត ពិសេសពន្លឿនការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ។

ចំណងមិត្តភាពប្រពៃណីដែលមានរយៈពេលពីរពាន់ឆ្នាំជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមេត្រីភាពកម្ពុជា-ចិន ឯការបង្កើតទំនាក់ទំនងការទូតបានពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏យូរលង់នេះ ។ ដោយឡែកការខិតខំពូនជ្រំមិត្តភាពពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត បានលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីជាបន្តបន្ទាប់ ដែលបានក្លាយជា«មិត្តដែកថែប» ។ យើងអាចជឿជាក់បានថា មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខប៉ុន្មានសករាជក្តី មិនថានិម្មាបនកម្មសកលមានការផ្លាស់ប្តូរយ៉ាងណាក្តី មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏មិត្តភាពរវាងកម្ពុជានិងចិននឹងថិតឋេររឹងមាំជានិរន្តរ៍ ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top