ព័ត៌មានអន្តរជាតិ

អង់គ្លេស ផ្តល់ការហ្វឹកហ្វឺន ដល់អ្នកបើកយន្តហោះចម្បាំង អ៊ុយក្រែន

បរទេស៖ ការិយាល័យ របស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បាននិយាយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងបង្កើនជំនួយយោធារបស់ខ្លួន ដល់អ៊ុយក្រែន ក្នុងឆ្នាំខាងមុខនេះ ហើយនឹងពង្រីកកម្មវិធីបណ្តុះបណ្តាល របស់ខ្លួន ដើម្បីរួមបញ្ចូលអ្នកបើកបរយន្តហោះចម្បាំង និងកងម៉ារីន។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ នៅ​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Vladimir Zelensky ធ្វើ​ទស្សនកិច្ច​ នៅ​ទីក្រុង​ឡុងដ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វិមាន Downing Street បាននិយាយថា វគ្គបណ្តុះបណ្តាលនេះ នឹងបន្ថែមលើកម្មវិធីហ្វឹកហ្វឺន ដែលកំពុងដំណើរការរួចហើយ នៅក្នុងចក្រភពអង់គ្លេស ដែលបានឃើញទាហានអ៊ុយក្រែនចំនួន ១០ ០០០ នាក់ ត្រូវបាននាំយកទៅត្រៀមប្រយុទ្ធ ក្នុងរយៈពេលប្រាំមួយខែ ចុងក្រោយនេះ ។ Downing Street សង្ឃឹមថា នឹងធ្វើឱ្យប្រសើរឡើងនូវជំនាញ ដល់កងទ័ពចំនួន ២០ ០០០ បន្ថែមទៀតនៅឆ្នាំ ២០២៣ នេះ។

លោក Sunak បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា “ខ្ញុំមានមោទនភាពដែលថ្ងៃនេះ យើងនឹងពង្រីកការហ្វឹកហ្វឺន ពីទាហានដល់ទាហានម៉ារីន និងអ្នកបើកយន្តហោះចម្បាំង ដែលធានាថា អ៊ុយក្រែនមានយោធាអាចការពារ ផលប្រយោជន៍របស់ខ្លួន បានយ៉ាងល្អ ទៅថ្ងៃអនាគត” ។

ការិយាល័យ របស់លោកនាយករដ្ឋមន្រ្តី Rishi Sunak ក៏បានកត់សម្គាល់ផងដែរថា កាលពីសប្តាហ៍មុន ទាហានអ៊ុយក្រែនមួយចំនួន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីរៀនពីរបៀបបញ្ជា រថក្រោះ Challenger 2 បន្ទាប់ពីលោក Sunak បានប្រកាសពីការប្រគល់រថក្រោះ ទៅឱ្យអ៊ុយក្រែន កាលពីខែមុន។

បន្ថែមពីលើនេះ ទីក្រុងឡុងដ៍បាននិយាយថា ខ្លួននឹងផ្តល់សមត្ថភាពមីស៊ីល ក្នុងរយៈចម្ងាយឆ្ងាយ ទៅឱ្យអ៊ុយក្រែន ក្នុងក្តីសង្ឃឹមថានឹងជួយទីក្រុងគៀវ បន្ធូរបន្ថយសម្ពាធ លើជួរមុខរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top