ព័ត៌មានអន្តរជាតិ

Update៖ប្រធានាធិបតីអ៊ុយក្រែន ជំរុញឲ្យបណ្តាមេដឹកនាំ សហភាពអឺរ៉ុប ផ្តល់យន្តហោះចម្បាំង ដើម្បីទប់ទល់នឹងរុស្ស៊ី

ប្រ៊ុចស៊ែល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប្រ៊ុចស៊ែល ដោយបានជំរុញឱ្យមេដឹកនាំបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ផ្តល់យន្តហោះចម្បាំងសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។
លោកប្រធានាធិបតី Volodymyr Zelensky គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប និងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចលើកទី២របស់គាត់នៅបរទេសចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ។

នៅទីក្រុងប៉ារីស លោក Emmanuel Macron ប្រធានាធិបតីរបស់ប្រទេសបារាំង និងលោក Olaf Scholz អធិការបតីរបស់អាល្លឺម៉ង់ បានរំលឹកឡើងវិញថា រុស្ស៊ី មិនត្រូវឈ្នះសង្គ្រាមនេះឡើយ ។

លោក Zelensky បានថ្លែងថា ប្រទេសបារាំង និងអាល្លឺម៉ង់ មានសក្តានុពលក្នុងការក្លាយជា “អ្នកផ្លាស់ប្តូរហ្គេម” នេះ ។

ដោយសរសើរការរួបរួមរបស់អឺរ៉ុប លោកបានថ្លែងថា អ៊ុយក្រែន កាន់តែឆាប់ទទួលបានអាវុធធុនធ្ងន់ រយៈចម្ងាយឆ្ងាយ និងយន្តហោះទំនើប “ការឈ្លានពានរបស់រុស្ស៊ី កាន់តែលឿននេះនឹងបញ្ចប់” ។

នៅមុននេះគាត់បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភាចក្រភពអង់គ្លេសនៅ Westminster Hall ដោយគូសបញ្ជាក់ការអង្វរកររបស់គាត់សម្រាប់យន្តហោះចម្បាំងថា “សេរីភាពនឹងឈ្នះ ហើយយើងដឹងថា រុស្ស៊ីនឹងចាញ់” ។ លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រាប់គាត់ថា គ្មានអ្វីក្រៅពីនោះទេ ។

លោក Zelensky បានធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចស៊ែល ជាមួយប្រធានាធិបតី Macron កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមេដឹកនាំបារាំងបានប្តេជ្ញាថាអ៊ុយក្រែន អាចពឹងផ្អែកលើការគាំទ្ររបស់គាត់ ដោយបារាំង “បានប្តេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យទទួលបានជ័យជម្នះ និងការបង្កើតឡើងវិញនូវសិទ្ធិស្របច្បាប់របស់ខ្លួន” ។

លោកអធិការបតី Scholz បានថ្លែងថា “ជំហរមិនផ្លាស់ប្តូរទេ រុស្ស៊ី មិនត្រូវឈ្នះសង្គ្រាមនេះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top