ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ទណ្ឌកម្មថ្មី របស់អាមេរិក ជាភស្តុតាងនៃ “អរិភាព និងពុតត្បុត” ចំពោះទីក្រុងតេអេរ៉ង់ និង JCPOA

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ដោយលើកឡើងថា ការទទូចរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការងាកទៅរកការដាក់ទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីគឺជាភស្តុតាងនៃ “អរិភាព និងពុតត្បុត” របស់ខ្លួនចំពោះទីក្រុងតេអេរ៉ង់ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

 លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មថ្មី ដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកលើក្រុមហ៊ុនអ៊ីរ៉ង់មួយចំនួន។

 លោក Kanaani បានលើកឡើងថា ការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីងាកទៅរកគោលនយោបាយដាក់ទណ្ឌកម្ម “បរាជ័យ” ដូចគ្នារបស់អ្នកកាន់តំណែងមុនរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែមានការប្តេជ្ញាចិត្តក្នុងការបន្តគោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួន និងប្រើប្រាស់សិទ្ធិ “ស្របច្បាប់ និងមិនអាចកាត់ផ្តាច់បាន” របស់ខ្លួន។

 លោកបានសង្កត់ធ្ងន់ថា ការបន្តការទទូចរបស់សហរដ្ឋអាមេរិកលើការដាក់ទណ្ឌកម្ម “ខុសច្បាប់ និងឯកតោភាគី” បង្ហាញឱ្យឃើញពីអរិភាព និងការលាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងតេអេរ៉ង់ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយផ្ទុយពីគោលការណ៍ និងបទប្បញ្ញត្តិច្បាប់អន្តរជាតិ។

 អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ពិតជារក្សាសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការចាំបាច់ ដើម្បីប្រឆាំងនឹងវិធានការបង្ខិតបង្ខំបែបនេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top