ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រសិនបើរបាយការណ៍ពីអ្នកកាសែតស៊ើបអង្កេត Seymour Hersh ស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការផ្ទុះនៅបំពង់បង្ហូរ Nord Stream ជាការពិត សហរដ្ឋអាមេរិក ជំពាក់ពិភពលោក ចំពោះការពន្យល់ប្រកបដោយការទទួលខុសត្រូវ។
យោងតាមលោក Hersh ដែលជាអ្នកឈ្នះរង្វាន់ Pulitzer អ្នកមុជទឹកអាមេរិកបានដំឡើងគ្រឿងផ្ទុះនៅក្រោមបំពង់ Nord Stream ក្នុងអំឡុងពេលសមយុទ្ធយោធារបស់ណាតូ BALTOPS (ប្រតិបត្តិការបាល់ទិក) នៅរដូវក្តៅឆ្នាំ២០២២ ហើយបានបំផ្ទុះវានៅក្នុងខែកញ្ញា។
លោកបានប្រាប់សារព័ត៌មានប្រចាំថ្ងៃថា បំពង់បង្ហូរឧស្ម័ន Nord Stream គឺជាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសដ៏សំខាន់ ហើយការផ្ទុះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលពិភពលោក និងបរិស្ថានអេកូឡូស៊ី។
លោកស្រី បន្តថា “ប្រសិនបើលោក Hersh និយាយការពិត អ្វីដែលលោកបានលាតត្រដាងគឺមិនអាចទទួលយកបាននោះទេ ហើយត្រូវតែឆ្លើយតបវិញ”៕ ប្រែសម្រួល ឈូក បូរ៉ា