វៀងច័ន្ទ៖ ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ប្រទេសឡាវដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានបន្ទាប់នៅឆ្នាំ២០២៤ ដោយកិច្ចប្រជុំថ្នាក់ជាតិបានកោះប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅឯទីស្តីការនាយករដ្ឋមន្រ្តីដើម្បីពិភាក្សាអំពីការរៀបចំ។
នេះបើតាមការចុះផ្សាយរបស់កាសែត Vientiane Times នៅថ្ងៃសុក្រ កិច្ចប្រជុំនេះដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គណៈកម្មាធិការជាតិទទួលបន្ទុករៀបចំកន្លែងស្នាក់នៅ និងយានជំនិះ រៀបចំទីកន្លែងប្រជុំ ផ្ទេរភារកិច្ចជូនមន្ត្រី រៀបចំថវិកា និងសម្រេចលើខ្លឹមសារនៃកិច្ចប្រជុំកំពូល បានពិនិត្យលើការត្រៀមរៀបចំរហូតមកដល់បច្ចុប្បន្ន។
អាស្រ័យហេតុនេះ អនុគណៈកម្មាធិការចំនួន ១៤ ត្រូវបានតែងតាំង ដើម្បីត្រួតពិនិត្យការរៀបចំសម្រាប់កិច្ចប្រជុំកំពូល។ ពួកគេនឹងទទួលខុសត្រូវក្នុងការរៀបចំកន្លែងប្រជុំ រៀបចំសណ្ឋាគារ និងភោជនីយដ្ឋាន រៀបចំសម្ភារៈផ្សព្វផ្សាយជុំវិញទីក្រុងវៀងច័ន្ទ ជួសជុលផ្លូវថ្នល់ និងធានាប្រព័ន្ធទំនាក់ទំនង។
ក្រសួងការបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ ត្រូវបានប្រគល់ភារកិច្ចឱ្យរៀបចំខ្លឹមសារ និងរបៀបវារៈនៃកិច្ចប្រជុំកំពូល៕ ប្រែសម្រួល ឈូក បូរ៉ា