អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសបានរកឃើញឃ្លាំងអាវុធ ដែលមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិសខេត្ត Mawlawi Shir Ahmad Burhani បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។
ដោយធ្វើសកម្មភាពតាមព័ត៌មាន ប៉ូលិសបានសម្រុកចូលផ្ទះ មួយកន្លែងនៅក្នុងទីរួមខេត្ត Pul-e-Khumri កាលពីល្ងាចថ្ងៃសៅរ៍ ហើយបានរកឃើញសព្វាអាវុធ និងគ្រាប់រំសេវជាច្រើនរួមទាំងគ្រាប់បែកដៃ Rocket Propelled Grenade មួយដុំ AK-47 ចំនួន៥ដើម កាំភ្លើងខ្លី១៣ដើម និងកាំភ្លើង១៣ ដើមទៀត ។ មន្ត្រីបានបញ្ជាក់ទៀតថា គ្រាប់បែកដៃក៏ត្រូវបានរកឃើញផងដែរ ។
កងកម្លាំងសន្តិសុខបានប្រមូលបំណែកអាវុធ និងគ្រាប់រំសេវរាប់ពាន់គ្រាប់រួចហើយ នៅក្នុងអំឡុងពេលប្រតិបត្តិការរុករកពីទីក្រុង Baghlan និងខេត្ត Kunduz និង Samangan ដែលនៅជិតខាងក្នុងរយៈពេល ប៉ុន្មានខែកន្លងមកនេះ។
រដ្ឋាភិបាលប្រចាំការរបស់ប្រទេស អាហ្វហ្កានីស្ថានបានប្តេជ្ញាថា នឹងប្រមូលសព្វាអាវុធ និងគ្រាប់រំសេវពីនរណាម្នាក់នៅខាងក្រៅ អង្គភាពសន្តិសុខដែលជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា