ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វេណេស៊ុយអេឡា ជំរុញយុវជន ឱ្យរួមគ្នាកម្ចាត់ការបិទផ្លូវ របស់អាមេរិក

ការ៉ាកាស៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានជំរុញយុវជន របស់ប្រទេសនេះឱ្យរួមគ្នា ប្រយុទ្ធនិងកម្ចាត់ “បញ្ហាប្រឈម នៃការបិទផ្លូវ ការដាក់ទណ្ឌកម្ម និងការវាយប្រហារ” របស់សហរដ្ឋអាមេរិក ។

ថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ ក្នុងពិធីប្រារព្ធទិវាយុវជនជាតិ លោក ម៉ាឌូរ៉ូ បានអំពាវនាវ ដល់យុវជនជំនាន់ក្រោយឱ្យ “រំដោះមាតុភូមិ” និង “តស៊ូ ដើម្បីកុំឱ្យវេណេស៊ុយអេឡា ក្លាយជាអាណានិគមម្តងទៀត” ។

លោក ម៉ាឌូរ៉ូ បានលើកឡើងថា ក្រោមការដឹកនាំរបស់មេដឹកនាំ កំណែទម្រង់ចុងក្រោយលោក Hugo Chavez ឱកាសកាន់តែច្រើន ត្រូវបានបង្កើតឡើង សម្រាប់យុវជនក្នុងវិស័យវប្បធម៌ កីឡា និងការអប់រំ ប៉ុន្តែនៅមានច្រើនទៀត ដែលត្រូវធ្វើ ។

ដល់ទីបញ្ចប់ លោកបានបន្ដថា មហាសន្និបាតយុវជនថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែមីនា ដើម្បីចាប់ផ្តើមបេសកកម្មយុវជន ដ៏អស្ចារ្យរបស់វេណេស៊ុយអេឡា ដើម្បីផ្សព្វផ្សាយកម្មវិធីសង្គមផ្សេងៗគ្នា សម្រាប់យុវជន។

យុវជន​វ៉េណេស៊ុយអេឡា ​បាន​ដើរ​ដង្ហែ ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​គាំទ្រ​ បដិវត្តន៍​បូលីវ៉ារៀ និង​កំណែទម្រង់ ​ដែល​ខ្លួន​បាន​សម្រេច​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​នោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Rodbexa Poleo មេដឹកនាំយុវជននៃគណបក្ស United Socialist ដែលកំពុងកាន់អំណាចរបស់ប្រទេស វេណេស៊ុយអេឡា បានលើកឡើងថា យុវជនវេណេស៊ុយអេឡា សព្វថ្ងៃនេះ “គឺជាជំនាន់ដែលទោះបីជាមានការលំបាកក៏ដោយ ការរារាំងឯកតោភាគីដោយសហរដ្ឋអាមេរិក មិនដែលបាត់បង់ឡើយ៕

To Top