គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា រុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានរុញច្រានទៅមុខ២-៣គីឡូម៉ែត្រ តាមខ្សែបន្ទាត់ជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលក្រុង គៀវ បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានវាយលុក ទៅលើការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ជាច្រើន ។
នៅគ្រាដែលខួបលើកទី១ នៃការលុកលុយរបស់រុស្ស៊ី បានខិតជិតមកដល់ ការប្រយុទ្ធគ្នាជាច្រើនកំពុងកើតឡើង នៅជុំវិញទីក្រុង Bakhmut ភាគខាងកើត ដែលនៅតែស្ថិតក្នុងកណ្តាប់ដៃ របស់អ៊ុយក្រែន ចំពេលមានការប្រយុទ្ធគ្នា អស់ជាច្រើនខែ ។
នៅថ្ងៃចន្ទនេះ យោធាអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោង របស់រុស្ស៊ី យ៉ាងខ្លាំងនៅតាមបណ្តោយជួរមុខ ហើយបានបញ្ជាក់ថា ការតាំងទីលំនៅចំនួន១៦កន្លែង ត្រូវបានទម្លាក់គ្រាប់បែក នៅជិតក្រុង Bakhmut ។
ក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា ទាហានរុស្ស៊ី បានគ្រប់គ្រងបានចម្ងាយ២គីឡូម៉ែត្រ ទៅភាគខាងលិច ក្នុងរយៈពេល៤ថ្ងៃ ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ថា ផ្នែកណានៃជួរមុខដ៏វែង ដែលគ្របដណ្តប់តំបន់អ៊ុយក្រែនមួយចំនួន នៅភាគខាងត្បូង និងខាងកើតត្រូវបានផ្លាស់ប្តូរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា