ព័ត៌មានអន្តរជាតិ

តម្លៃប្រេងលើទីផ្សារពិភពលោកឡើងថ្លៃ ខណៈរុស្ស៊ី កាត់បន្ថយទិន្នផលប្រេង

ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើងតិចតួចកាលពីថ្ងៃចន្ទ ខណៈដែលអ្នកចូលរួមទីផ្សារបានថ្លឹងថ្លែង ពីផែនការរបស់រុស្ស៊ី ក្នុងការកាត់បន្ថយការ ផលិតប្រេងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានកើនឡើង ៤២ សេន ឬ ០,៥៣ភាគរយ មកនៅតម្លៃ ៨០,១៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែមេសាបានបន្ថែម ២២សេន ឬ ០,២៥ភាគរយ មកបិទនៅតម្លៃ ៨៦,៦១ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak កាលពីថ្ងៃសុក្របានប្រកាសថា ប្រទេសនេះគ្រោងនឹងកាត់បន្ថយការ ផលិតប្រេងរបស់ខ្លួនចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា។

លោក Novak បានលើកឡើងថាគោលបំណងនៃការកាត់នេះ គឺដើម្បីកែលម្អស្ថានភាពទីផ្សារដោយបញ្ជាក់ម្តងទៀតថា ប្រទេសនឹងមិនគោរពតាមការកំណត់តម្លៃរបស់លោកខាងលិចណាមួយឡើយ។

ពាណិជ្ជករក៏បានរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់សហរដ្ឋអាមេរិក សម្រាប់ខែមករាត្រូវបានកំណត់ សម្រាប់ការចេញផ្សាយនៅថ្ងៃអង្គារ។

សម្រាប់សប្តាហ៍ដែលបញ្ចប់ថ្ងៃសុក្រ WTI បានកើនឡើង ៨,៦ភាគរយខណៈពេលដែលប្រេងឆៅប្រភេទ Brent បានកើនឡើង ៨,១ភាគរយដោយផ្អែកលើកិច្ចសន្យាមុនខែ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top