បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងព្យាយាមស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីបញ្ជូនឱ្យអ៊ុយក្រែននូវសព្វាវុធដែលត្រូវបានចោទប្រកាន់ថា បានបញ្ជូនទៅកាន់ក្រុម Houthi ដោយប្រទេសអ៊ីរ៉ង់ និងបានរឹបអូសនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើងពីមន្ត្រីអនាមិកអាមេរិក និងអឺរ៉ុប, កាសែត Wall Street Journal ផ្សាយថា សេតវិមានកំពុងសម្លឹងមើល “លទ្ធភាព” នៅក្នុងបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ដូច្នេះកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវដែលរឹបអូសបាននៅលើសមុទ្រ អាចត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុងគៀវ។
ចំនួនអាវុធដែលរឹបអូសបានមានចំនួនតិច បើប្រៀបធៀបទៅនឹងអ្វីដែលអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនទៅកាន់អ៊ុយក្រែនកាលពីឆ្នាំមុន មន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយថា វានឹងជាការដាក់ទណ្ឌកម្មជានិមិត្តរូបសម្រាប់អ៊ីរ៉ង់ ដែលផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី ដែលជាអ្វីមួយដែលទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូបានបដិសេធ៕ប្រែសម្រួលៈ ណៃ តុលា