ព័ត៌មានអន្តរជាតិ

អ្នកជំនាញអង្គការសហប្រជាជាតិថា ទណ្ឌកម្មរបស់អាមេរិក ដាក់លើអ៊ីរ៉ង់គឺខុសច្បាប់

បរទេស៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានកត់សម្គាល់កាលពីថ្ងៃអង្គារ ដោយលើកឡើងពីការរកឃើញរបស់អ្នករាយការណ៍ពិសេសពីររូបទាក់ទងនឹងប្រទេសអ៊ីរ៉ង់ថា ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងការអនុវត្តរបស់ពួកគេនៅក្នុងប្រទេសទីបីប៉ះទង្គិចនឹងច្បាប់អន្តរជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករាយការណ៍ពិសេស២រូប គឺ លោកស្រី Alena Douhan និង លោក Obiora Okafor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពស្របច្បាប់នៃទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺមានភាពមន្ទិលសង្ស័យនៅក្រោមច្បាប់អន្តរជាតិ ហើយភាពស្របច្បាប់នៃការអនុវត្តដែនទឹករបស់ពួកគេក៏ដូចគ្នាដែរ”។ អ្នកជំនាញទាំង២រូបបន្តថា “នៅតែក្រុមហ៊ុននៅខាងក្រៅសហរដ្ឋអាមេរិកមានអារម្មណ៍ថា មានកាតព្វកិច្ចគោរពតាមដើម្បីជៀសវាងការប្រឈមមុខនឹងផលប៉ះពាល់ផ្នែកច្បាប់ឬអាជីវកម្ម” ។

លោកស្រី Douhan គឺជាអ្នករាយការណ៍ពិសេសអំពីផលប៉ះពាល់អវិជ្ជមាន នៃវិធានការបង្ខិតបង្ខំឯកតោភាគីលើការទទួលបានសិទ្ធិមនុស្ស ខណៈដែល លោក Okafor គឺជាអ្នកជំនាញឯករាជ្យលើសិទ្ធិមនុស្ស និងសាមគ្គីភាពអន្តរជាតិ។ ពួកគេបានក្រឡេកមើលវិធីនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានដាក់ជាឯកតោភាគីនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់ដែលទទួលរងពីជំងឺ thalassemia ដែលជាជំងឺឈាមតំណពូជ៕ប្រែសម្រួលៈ ណៃ តុលា

To Top