ប៉េកាំង៖ ប៉ុន្មានខែបន្ទាប់ពីការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បណ្តាប្រទេសលោកខាងលិច ដែលប្រញាប់ប្រញាល់បន្ទោសទីក្រុងមូស្គូ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការលាតត្រដាង របស់អ្នកកាសែតស៊ើបអង្កេត របស់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន គឺជាពិរុទ្ធជននៃការបំផ្ទុះនេះ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយ កាលពីសប្តាហ៍មុននៅលើវិបផតថល US Substack អ្នកឈ្នះរង្វាន់ Pulitzer Seymour Hersh បានបង្ហាញថា សហរដ្ឋអាមេរិកបានចាប់ដៃគូ ជាមួយប្រទេសន័រវេសក្នុងប្រតិបត្តិការ សម្ងាត់កំពូលក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីដាក់គ្រឿងផ្ទុះពីចម្ងាយ ដែលបានយកចេញពីបំពង់បង្ហូរ Nord Stream ៣ខែក្រោយមក។
ដោយសួររកការអត្ថាធិប្បាយ លើរបាយការណ៍របស់លោក Hersh លោក Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមានបានហៅវាថា ជារឿងមិនពិតនិងមិនពេញលេញ។ ក្រសួងការបរទេសន័រវែសក៏បានឲ្យដឹងថា វាជារឿងមិនសមហេតុផល។
គ្មានការិយាល័យនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងអាជ្ញាធរយុត្តិធម៌នៃប្រទេសដាណឺម៉ាក ដែលជាអ្នកស៊ើបអង្កេតលើការ បំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន បានឆ្លើយតបទៅនឹងសំណើ សុំការអត្ថាធិប្បាយរបស់ស៊ីនហួ។
អ្នកជំនាញជឿថា លោកខាងលិចមានភាពសម្ងាត់ ដោយសារតែការបញ្ជាក់ណាមួយ នៃការចោទប្រកាន់របស់លោក Hersh នឹងធ្វើឱ្យខូចទំនាក់ទំនងរបស់ សហរដ្ឋអាមេរិកជាមួយប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ដោយសារតែការបាត់បង់ឧស្ម័នថោក ពីប្រទេសរុស្ស៊ីកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់ប្លុកនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា