បរទេស៖ លោក John Fetterman សមាជិកព្រឹទ្ធសភាគណបក្ស ប្រជាធិបតេយ្យមកពីរដ្ឋ Pennsylvania បានចូលមន្ទីរពេទ្យដើម្បីទទួលការព្យាបាលសម្រាប់ “ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ” នេះបើយោងតាមប្រធាន បុគ្គលិករបស់លោក គឺលោក Adam Jentleson និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមលោក Jentleson សមាជិកព្រឹទ្ធសភាថ្មីរូបនេះ បាន “ជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត ពេញមួយជីវិតរបស់លោក” ប៉ុន្តែវា “បានក្លាយទៅជាធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Fetterman បានពិនិត្យសុខភាពនៅក្នុងមជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃពុធ ដើម្បីទទួលការព្យាបាល “ដោយមិនគិតថ្លៃ” បន្ទាប់ពីវាត្រូវបានណែនាំ ដោយគ្រូពេទ្យរបស់សភា គឺលោកវេជ្ជបណ្ឌិត Brian Monahan ដែលបានពិនិត្យសមាជិក ព្រឹទ្ធសភាកាលពីថ្ងៃចន្ទ។ ជំនួយការជាន់ខ្ពស់របស់សមាជិកព្រឹទ្ធសភាបានប្រាប់ NBC’s Dasha Burns ថា គាត់នឹងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល “ពីរបីសប្តាហ៍” ។
ជំនួយការរូបនេះបាននិយាយថា អតីតអភិបាលរងរដ្ឋ Pennsylvania និងបុគ្គលិករបស់លោកមានការ “ភ្ញាក់ផ្អើលដោយការចាប់ផ្តើម នៃជំងឺធ្លាក់ទឹកចិត្ត” ដោយបន្ថែមថា វាពិបាកក្នុងការបែងចែករោគសញ្ញា របស់វាពីជំងឺដាច់សរសៃឈាមខួរក្បាល ដែលគាត់បានទទួលរងនៅក្នុងខែឧសភា ដែលបណ្តាលឱ្យគាត់មិនអាច យល់ពាក្យដែលនិយាយ និងតម្រូវឱ្យមានឧបករណ៍ ជំនួយដើម្បីទំនាក់ទំនង៕
ប្រែសម្រួលៈ ណៃ តុលា