បរទេស ៖ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ការយល់ព្រមជា សាធារណៈ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការវាយ ប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ គឺបង្ហាញពីការ រីកលូតលាស់ នៃគោលនយោបាយ ការបរទេសផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការ នយោបាយលោកស្រី Victoria Nuland បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការដំឡើងយោធារុស្ស៊ីនៅតំបន់គ្រីមៀ “គឺជាគោលដៅស្របច្បាប់” សម្រាប់អ៊ុយក្រែន ហើយថាវ៉ាស៊ីនតោន គាំទ្រការវាយប្រហារ របសទីក្រុងគៀវលើពួកគេ (តំបន់គ្រីមៀ) ។ ឧបទ្វីបនេះបានបោះឆ្នោតយ៉ាង លើសលប់ឱ្យក្លាយជាផ្នែកមួយ នៃប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រ ដោយលោកខាងលិចនៅទីក្រុងគៀវ ប៉ុន្តែអ៊ុយក្រែននៅតែចាត់ ទុកវាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន ។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 លោក Peskov បានពណ៌នាអំពីលោកស្រី Nuland ថាជាផ្នែកនៃ “ក្រុមដ៏ធំនៃអ្នកចូលចុត្តសង្គ្រាម ដែលឈ្លានពានបំផុត នៅក្នុងនយោបាយអាមេរិក” ។
អ្នកនាំពាក្យរុស្ស៊ីរូបនេះបាននិយាយថា ការកត់សម្គាល់ របស់អ្នកការទូតអាមេរិក “ជាថ្មីម្តងទៀតបញ្ជាក់ពីភាពស៊ីជម្រៅនៃភាពខុសគ្នារវាងយើង” និងគូសបញ្ជាក់ “តួនាទីរបស់សហរដ្ឋអាមេរិក ជាអ្នកជំរុញដ៏សំខាន់នៃភាពតានតឹង ពិភពលោកដែលមានស្រាប់” ៕