ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។
ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ អ៊ីស្រាអែលបានបើកការ វាយលុកតាមអាកាសសំដៅ ទៅលើសង្កាត់ដែលមានប្រជាជនស៊ីវិល”។
មិនទាន់មានការអត្ថាធិប្បាយ ពីអាជ្ញាធរអ៊ីស្រាអែលជុំវិញ ការវាយប្រហារនេះនៅឡើយទេ ។ កងទ័ពស៊ីរីបានឲ្យដឹងថា មនុស្ស ៥នាក់ រួមទាំងទាហានម្នាក់ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀតបានរងរបួសដោយសារកាំជ្រួច របស់អ៊ីស្រាអែល ដែលបានបាញ់ចេញពីតំបន់ Golan Heights កាលពីព្រឹកថ្ងៃអាទិត្យ ដោយបន្ថែមថាអ្នករង របួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
អគារលំនៅឋានជាច្រើននៅក្រុងដាម៉ាស និងទីជនបទរបស់ទីក្រុងត្រូវបានខូចខាត។ យ៉ាងហោចណាស់មនុស្ស ១៥នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រុមឃ្លាំមើល សិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្គ្រាម។
ជនរងគ្រោះ ៩នាក់ជាជនជាតិស៊ីរី រួមទាំងជនស៊ីវិល២នាក់ ទាហាន ៤នាក់ និងមន្ត្រីយោធា៣នាក់ ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានឲ្យដឹងថា អត្តសញ្ញាណជនរងគ្រោះផ្សេងទៀតនៅមិនទាន់ដឹងនៅឡើយ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាំជ្រួចបានវាយប្រហារសង្កាត់ដ៏ធំនៃ Kafar Sousah ដែលជាទីប្រជុំជនប្រវត្តិសាស្ត្រ នៃទីក្រុងដាម៉ាស់ និងតំបន់ al-Mazraa៕