ព័ត៌មានអន្តរជាតិ

លោក បៃដិន សន្យា​ផ្ដល់ការគាំទ្រ​អ៊ុយក្រែន ​បន្ថែម​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​ទីក្រុង​គៀវ 

គៀវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ទីក្រុងគៀវ គឺក្នុងគោលបំណងបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន “ដោយមិនងាករេ និងមិនផ្លាស់ប្តូរចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”។

លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសេតវិមានថា “នៅពេលដែលលោក ពូទីន ចាប់ផ្តើមការឈ្លានពានរបស់លោក កាលពីជិតមួយឆ្នាំមុន លលកគិតថាអ៊ុយក្រែនខ្សោយ ហើយលោកខាងលិច ត្រូវបានបែងចែក។

លោកបានលើកឡើងថា “ថ្ងៃនេះនៅទីក្រុងគៀវ ខ្ញុំកំពុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី និងក្រុមរបស់លោកសម្រាប់ការពិភាក្សាបន្ថែមលើការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន។ 

លោកបានបន្ថែមថា “ខ្ញុំនឹងប្រកាសផ្តល់ឧបករណ៍សំខាន់ៗផ្សេងទៀត រួមមានគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងពាសដែក និងរ៉ាដាឃ្លាំមើលអាកាស ដើម្បីជួយការពារប្រជាជនអ៊ុយក្រែនពីការទម្លាក់គ្រាប់បែកពីលើអាកាស”។

លោកបានបន្ថែមទៀតថា “ហើយខ្ញុំនឹងចែករំលែកវានៅចុងសប្តាហ៍នេះ យើងនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងក្រុមឥស្សរជន និងក្រុមហ៊ុនដែលព្យាយាមគេចវេស ឬបំពេញម៉ាស៊ីនសង្រ្គាមរបស់រុស្សី៕

To Top