ព័ត៌មានអន្តរជាតិ

លោក Josep Borrell៖ លោកខាងលិច ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា លោកខាងលិច ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន និងបង្កើនល្បឿននៃការចែកចាយរបស់ខ្លួន ។

លោក Borrell បានឲ្យដឹងនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃអាទិត្យថា “កិច្ចការជាច្រើនទៀតត្រូវធ្វើ និងលឿនជាងមុន។ នៅមានរឿងជាច្រើនដែលត្រូវធ្វើ។ យើង​ត្រូវ​តែ​បង្កើន និង​ពន្លឿន​ការ​គាំទ្រ​ខាង​យោធា​របស់​យើង”។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច បង្កើនល្បឿន ជំនួយយោធា របស់ពួកគេ សម្រាប់អ៊ុយក្រែនដោយព្រមានអ្នកចូលរួមនៅក្នុងសន្និសីទកាលពីថ្ងៃសុក្រថា ការពន្យារពេលនឹងចូលទៅ ក្នុងដៃរបស់រុស្ស៊ីនៅពេលដែលការឈ្លានពានជិតដល់ខួបលើកទីមួយ។

លោក Borrell បានលើកឡើងថា លោកគាំទ្រសំណើរបស់អេស្តូនី សម្រាប់សហភាពអឺរ៉ុបក្នុងការទិញគ្រាប់រំសេវក្នុង នាមសមាជិករបស់ខ្លួន ដើម្បីជួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក Borrell បានបន្ដថា “ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងសំណើរបស់នាយករដ្ឋមន្ត្រីអេស្តូនី ហើយយើង កំពុងធ្វើការលើវា ហើយវានឹងដំណើរការ” ។

គួរបញ្ជាក់ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​គ្របដណ្ដប់​លើ​ការ​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​ក្រុង Munich ដែល​ជា​ការ​ប្រមូល​ផ្តុំ​មន្ត្រី​សន្តិសុខ និង​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​មក​ពី​ជុំវិញ​ពិភពលោក៕

To Top