ព័ត៌មានអន្តរជាតិ

ចិន ​ច្រានចោលការ​អះអាងរបស់អាមេរិក ដែលថា ខ្លួន​​ផ្គត់ផ្គង់អាវុធឲ្យ​រុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង៖ ប្រទេសចិន បានបដិសេធការអះអាងដែលថា ខ្លួនកំពុងរៀបចំផ្ទេរអាវុធដ៍សាហាវទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានជាសាធារណៈជាថ្មីនៅមុនថ្ងៃខួបនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនប្រទេសចិន នោះទេ ដែលបន្តបញ្ជូនអាវុធទៅកាន់សមរភូមិ” ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “ផ្លាស់ប្តូរការស្តីបន្ទោស និងផ្សព្វផ្សាយព័ត៌មានមិនពិត” ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ដែល បានរំលឹកពីថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ី អ្នកការទូតអាមេរិករួមទាំងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក មានព័ត៌មានដែលប្រទេសចិន កំពុង “ពិចារណាយ៉ាងខ្លាំងក្នុងការផ្តល់ជំនួយដ៍សាហាវដល់រុស្ស៊ី”។

ការលាតត្រដាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាថ្មីម្តងទៀតចង់ដាក់សម្ពាធការទូតជាសាធារណៈ លើទីក្រុង ប៉េកាំង ក៏រួមបញ្ចូលការបញ្ជាក់ដោយផ្ទាល់ដំបូងរបស់រដ្ឋបាលលោក Biden ដែលទម្រង់ផ្សេងៗនៃ “ការគាំទ្រមិនស្លាប់” ត្រូវបានហូរចូលទៅក្នុងប្រទេសរុស្ស៊ីពីក្រុមហ៊ុនរដ្ឋរបស់ចិន សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ទាំងនេះត្រូវបានគេគិតថា រួមបញ្ចូលនូវអ្វីដែលហៅថា “ការប្រើប្រាស់ពីរដង” ដូចជាបន្ទះសៀគ្វីកុំព្យូទ័រ និងផ្នែករឹងផ្សេងទៀត សម្រាប់យន្តហោះចម្បាំងរបស់រុស្ស៊ី ក៏ដូចជាយន្តហោះដ្រូនពាណិជ្ជកម្ម និងឧបករណ៍ផ្សេងទៀត ដែលប្រើប្រាស់ដោយកងកម្លាំងជើងគោករបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top