ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថា បានលេងហ្គេមកខ្វក់លើអ៊ុយក្រែន នៅក្នុងសុន្ទរកថា ប្រចាំឆ្នាំរបស់គាត់ទៅកាន់សភា កាលពីថ្ងៃអង្គារ។
សុន្ទរកថារបស់លោកបានកំណត់សម្លេង សម្រាប់ការវាយលុកបន្តរបស់រុស្ស៊ី ជាមួយនឹងការអំពាវនាវ ឱ្យពង្រឹងកងកម្លាំងប្រដាប់អាវុធ និងពង្រឹងសេដ្ឋកិច្ចក្នុងសម័យសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក ពូទីន ក៏បានផ្តល់ការព្រមាន នុយក្លេអ៊ែរដល់លោកខាងលិច ជុំវិញអ៊ុយក្រែន ដោយប្រកាសថា ទីក្រុងមូស្គូ នឹងផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញា គ្រប់គ្រងអាវុធ ដែលនៅសល់ចុងក្រោយ រវាងមហាអំណាចនុយក្លេអ៊ែរសំខាន់ពីរ របស់ពិភពលោកគឺរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញាចាប់ផ្តើមថ្មី ។
លោកបានលើកឡើងថា ខណៈដែលលោកនឹងមិនដកប្រទេសរុស្ស៊ី ចេញពីសន្ធិសញ្ញាទាំងស្រុងនោះ លោកនឹងមិនអនុញ្ញាតឱ្យប្រទេស ណាតូត្រួតពិនិត្យឃ្លាំងអាវុធរបស់ប្រទេសលោកឡើយ។
នៅក្នុងសុន្ទរកថា ដែលមានរយៈពេល ប្រហែលមួយម៉ោងនិង ៤៥ នាទីលោកបានអះអាងថា លោកខាងលិចបានចាប់ផ្តើមសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានចោទប្រកាន់ថាវា “បោកប្រាស់ប្រជាជនរបស់ខ្លួន” និងបានលើកឡើងថា គោលដៅរបស់ខ្លួនគឺ “អំណាចគ្មានដែនកំណត់” ។
លោកបានអះអាងថា រុស្ស៊ីចង់ដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី ប៉ុន្តែប្រទេសលោកខាងលិចបានរៀបចំ “សេណារីយ៉ូផ្សេងគ្នា” នៅពីក្រោយខ្នង ។
លោកបានបន្ថែមថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី ការចរចារដោយ សន្តិវិធីចេញពីជម្លោះដ៏លំបាកនេះ ប៉ុន្តែនៅពីក្រោយខ្នងរបស់យើង សេណារីយ៉ូខុសគ្នាខ្លាំងកំពុងត្រូវបានរៀបចំ”៕