ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ជនជាតិប៉ាឡេស្ទីន តិចបំផុត១០នាក់ នៅក្នុងពេលវាយឆ្មក់ របស់យោធាអ៊ីស្រាអ៊ែល នៅតំបន់ West Bank

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា សាក្សី និងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់ រួមទាំងបុរសចំណាស់ម្នាក់ និងក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអ៊ែលនៅតំបន់ West Bank ដែលកាន់កាប់ ។

ការផ្ទុះ និងការបាញ់កាំភ្លើងបានបន្លឺឡើង ខណៈដែលកងទ័ពវាយឆ្មក់ចូលដល់បេះដូងនៃក្រុង Nablus ដែលបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយខ្មាន់កាំភ្លើង ។

គេបានដឹងថា ការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរ របស់អ៊ីស្រាអ៊ែល គឺសំដៅទៅលើផ្ទះមួយ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធជាន់ខ្ពស់ប៉ាឡេស្ទីន២នាក់ដែលនៅខាងក្នុងនោះ ។

យោធាអ៊ីស្រាអ៊ែល នៅមុននេះបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនកំពុង ប្រតិបត្តិការនៅក្រុង Nablus ។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនស៊ីវិលអាយុ៧២ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់នៅខាងក្រៅផ្ទះដែលត្រូវបានឡោមព័ទ្ធ ចំពេលមានការប្រយុទ្ធគ្នា ដោយកាំភ្លើង ។

ខ្សែវីដេអូបង្ហាញសាកសព នៅតាមផ្លូវក្បែរទីតាំងកន្លែងលក់នំប៉័ង ដែលជាធម្មតាជាតំបន់ផ្សារ ដ៏មមាញឹកនៃទីក្រុងចាស់ ។

យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថា មនុស្សជាង១០០នាក់ ក៏បានរងរបួសដោយសារការ បាញ់កាំភ្លើងផងដែរ ។ ពួកគេ៧នាក់ស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top