បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន មានន័យថា ទីក្រុងម៉ូស្គូមានសិទ្ធិការពារខ្លួនដោយមធ្យោបាយណាមួយដែលចាំបាច់ រួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានព្រមានថា ឥស្សរជនអាមេរិកមិនគួរចាត់ទុកខ្លួនឯងជាមនុស្សមិនអាចប៉ះពាល់បានឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក មេវេដេវ ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ បន្ទាប់ពីសុន្ទរកថាដែលបានធ្វើឡើងកាលពីថ្ងៃមុនដោយមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់សភាសហព័ន្ធ ក៏ដូចជាមន្ត្រីរុស្ស៊ី និងឥស្សរជនផ្សេងទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសេសសល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
ចំណែកលោក មេវេដេវ អតីតប្រធានាធិបតីវិញបានអះអាងថា លោកបានទន្ទឹងរង់ចាំយូរមកហើយ អំពីចំណាត់ការនេះ ហើយបានអះអាងថា វាគួរតែជាសារមួយ ដល់សហរដ្ឋអាមេរិក ដែលគិតថា វាអាច “ដេញតាមការបរាជ័យរបស់រុស្ស៊ី… ប៉ុន្តែសន្តិសុខជាយុទ្ធសាស្ត្រ គឺជាបញ្ហាមួយផ្សេងទៀត”។ អតីតមេដឹកនាំរូបនេះបានហៅការវែកញែកនេះថាជា “កំហុសដ៏អាក្រក់របស់អាមេរិក” ហើយបានព្រមានថា “ចាប់តាំងពីសហរដ្ឋអាមេរិកចង់កម្ចាត់រុស្ស៊ី យើងមានសិទ្ធិការពារខ្លួនដោយអាវុធណាមួយរួមទាំងនុយក្លេអ៊ែរផងដែរ” ៕
ប្រែសម្រួលៈ ណៃ តុលា