ព័ត៌មានអន្តរជាតិ

ចិន ​នឹង​ស្វែងរក​ផែនការ​សន្តិភាព ​សម្រាប់​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន នៅពេល​លោកខាងលិច ​បរាជ័យ​ក្នុងការ​សម្រុះសម្រួល និងបានត្រឹមតែបន្ថែមសាំងលើភ្លើង

ប៉េកាំង​៖ ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន កាន់តែតានតឹង ខណៈដែលអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ផ្សេងទៀតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងអ៊ុយក្រែនផងដែរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កាន់តែចាប់អារម្មណ៍ក្នុងការបញ្ជូនអាវុធបន្ថែម ដើម្បីរក្សាការប្រយុទ្ធ ដែលកំពុងបន្តយូរអង្វែង។

អ្នកវិភាគចិនបានឲ្យដឹងថា ប្រទេសចិន នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រុះសម្រួល ប៉ុន្តែថាតើផែនការសន្តិភាពនឹងមានប្រសិទ្ធភាពអាស្រ័យលើភាគីទាំងពីរនៃភាគីជម្លោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

ដោយសារក្រុងគៀវ រងឥទ្ធិពលយ៉ាងខ្លាំងដោយទីក្រុងវ៉ាស៊ីនតោន ដែលមិនចាប់អារម្មណ៍នឹងបទឈប់បាញ់ភ្លាមៗ ប៉ុន្តែចូលចិត្តជម្លោះអូសបន្លាយ ដើម្បីបន្តធ្វើឱ្យទីក្រុងមូស្គូចុះខ្សោយ និងផ្លាស់ប្តូរស្ថានភាពដោយកម្លាំង វាពិតជាលំបាកណាស់ក្នុងការមើលឃើញរូបមន្ត ដែលអាចធ្វើទៅបានសម្រាប់សន្តិភាព ដែលភាគីទាំងពីរអាចទទួលយក។ សន្តិភាព​អាច​នឹង​មក​ដល់​បន្ទាប់​ពី​មាន​ការ​ស្លាប់ ​និង​ការ​ខូច​ខាត​នៅ​ក្នុង​សមរភូមិ​កាន់​តែ​ច្រើន​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ផ្លាស់​ប្តូរ​ចិត្ត​យ៉ាង​ហោច​ណាស់​។

ផែនការសន្តិភាពរបស់ចិន ក្នុង​ជំនួប​រវាង​លោក វ៉ាង យី ជាមួយ​លោក ពូទីន ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​អ៊ុយក្រែន។ លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន កោតសរសើរចំពោះការបញ្ជាក់ជាថ្មីរបស់រុស្ស៊ីអំពីឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា។

លោកបន្ដថា ចិននឹងរក្សាគោលជំហរដែលមានគោលបំណង និងយុត្តិធម៌ ហើយដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិនយោបាយ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។

ក្រៅពីជំនួបជាមួយលោក ពូទីន នៅទីក្រុងមូស្គូ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃពុធ បន្ទាប់ពីជួបជាមួយលោក Nikolai Patrushev លេខាធិការសន្តិសុ ក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី នៅថ្ងៃអង្គារកន្លងទៅនេះ។

ទាំងលោក វ៉ាង យី និងលោក Lavrov មានការពិភាក្សាស៊ីជម្រៅលើបញ្ហាអ៊ុយក្រែន។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ស្ថានការណ៍កាន់តែស្មុគស្មាញ យើងក៏កាន់តែមិនអាចបោះបង់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព។ សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងជំនះការលំបាក បន្តបង្កើតលក្ខខណ្ឌ សម្រាប់កិច្ចសន្ទនា និងការចរចា និងស្វែងរកមធ្យោបាយដោះស្រាយនយោបាយប្រកបដោយប្រសិទ្ធភាព។

លោក វ៉ាង យី បានប្រាប់លោក Lavrov ថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិន មានឆន្ទៈរក្សាសន្ទុះនៃការអភិវឌ្ឍន៍ដ៏រឹងមាំ លើគំរូថ្មីនៃទំនាក់ទំនងប្រទេសធំៗជាមួយរុស្ស៊ី។

អ្នកជំនាញបានឲ្យដឹងថា កិច្ចប្រជុំរបស់លោក វ៉ាង យី ជាមួយមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បង្ហាញថា ទីក្រុងមូស្គូ ឲ្យតម្លៃខ្ពស់លើទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយចិន ហើយក៏កំពុងចាត់ទុកគំនិតរបស់ចិនលើបញ្ហាអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ ហើយនេះគឺជាភស្តុតាងនៃឥទ្ធិពលតែមួយគត់របស់ចិនក្នុងគោលបំណងសម្រុះសម្រួល៕ប្រែសម្រួល ឈូក បូរ៉ា

To Top