យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយ ដែលទាមទារឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ ហើយអំពាវនាវឱ្យបញ្ឈប់អរិភាព មួយឆ្នាំបន្ទាប់ពីទីក្រុងមូស្គូបានឈ្លានពានប្រទេសជិតខាងលិចរបស់ខ្លួន។
ប្រទេសជាសមាជិក បានជួបប្រជុំគ្នាក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីថ្កោលទោសការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលអគ្គលេខាធិការ លោក Antonio Guterres ពីមុនបានហៅ “ការប្រមាថចំពោះមនសិការរួមរបស់យើង” ។
លោកបានពណ៌នាខួបនេះថាជា “ព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយសម្រាប់ប្រជាជនអ៊ុយក្រែន និងសម្រាប់សហគមន៍អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដំណោះស្រាយមិនជាប់ កាតព្វកិច្ចត្រូវបានអនុម័តដោយ ១៤១ ប្រទេស។ ៧ បោះឆ្នោតមិនព្រម និង ៣២ អនុប្បវាទ រួមទាំងចិន។ ក្នុងនលះប្រមុខអង្គការសហប្រជាជាតិ បានលើកឡើងថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺបំពានច្បាប់អន្តរជាតិ។
ការបោះឆ្នោតនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា ចិន អាចនឹងរៀបចំផែនការផ្តល់អាវុធដល់រុស្ស៊ី។
លោក Dai Bing ឯកអគ្គរដ្ឋទូតរងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតថា “ការបញ្ជូនអាវុធនឹងមិននាំមកនូវសន្តិភាពនោះទេ” ហើយបានអំពាវនាវឱ្យមានការចរចា។
លោកបានព្រមានប្រឆាំងនឹង “ឧបទ្ទវហេតុនុយក្លេអ៊ែរ ដែលបង្កើតឡើងដោយមនុស្សជាតិ” ហើយបានបន្ថែមថា “អាវុធនុយក្លេអ៊ែរ មិនអាចប្រើបាននោះទេ សង្គ្រាមនុយក្លេអ៊ែរមិនអាចប្រយុទ្ធបាននោះទេ” ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield ដែលបានពណ៌នាការបោះឆ្នោតថាជា “ប្រវត្តិសាស្ត្រ” បានទាមទារឱ្យរុស្ស៊ី “ដកខ្លួនចេញជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ពីទឹកដីដែលទទួលស្គាល់ជាអន្តរជាតិថាជារបស់អ៊ុយក្រែន”៕