ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ផ្អាក​ទណ្ឌកម្ម​ស៊ីរី​ រយៈពេល​៦ខែ ​ដើម្បី​ពន្លឿន​ការ​ ផ្តល់​ជំនួយ​គ្រោះរញ្ជួយ​ដី

ព្រុចសែល៖ ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រទេស​ស៊ីរី​ត្រូវ​បាន​សហភាព​អឺរ៉ុប​បន្ធូរបន្ថយ​ជា​បណ្ដោះអាសន្ន ដើម្បី​ពន្លឿន​ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ពីរ​សប្ដាហ៍​ បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងលែងត្រូវការផ្តល់ការអនុញ្ញាត ឱ្យផ្តល់ជំនួយដល់អង្គការនានា មុនពេលបញ្ជូនការផ្គត់ផ្គង់ និងសេវាកម្មទៅអង្គភាពដែលមានទណ្ឌកម្មនៅក្នុងប្រទេសស៊ីរី។

ការ​សម្រេច​ចិត្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មើល​ឃើញ ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​មនុស្សធម៌​នៅ​ស៊ីរី ដែល​មាន​ការ​រញ្ជួយ​ដី​កាន់​តែ​ខ្លាំង ហើយ​ការផ្អាកទណ្ឌកម្មនេះ នឹង​មាន​រយៈពេល ៦ខែ។

គួរបញ្ចាក់ថា គ្រោះថ្នាក់រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង ៤២០០០ នាក់នៅក្នុងប្រទេសតួកគី និងច្រើនជាង ៣៦០០ នាក់នៅក្នុងប្រទេសស៊ីរី។

សហភាពអឺរ៉ុបបានឲ្យដឹងថា ខ្លួន និងរដ្ឋជាសមាជិករបស់ខ្លួនកំពុងនាំមុខអ្នកផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី ដែលហែកហួរដោយជម្លោះ ដោយបានបរិច្ចាគប្រាក់ចំនួន ២៧,៤ពាន់លានអឺរ៉ូ (២៦ ពាន់លានដុល្លារ) ដល់ប្រទេស និងដល់ប្រទេសជិតខាងដែលធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួន ដូចជាទួរគី ចាប់តាំងពីឆ្នាំ២០១១ មក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top