បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញ បានលើកឡើងថាប្រទេសអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនរួចរាល់ ហើយក្នុងការវាយប្រហារ ដើម្បីដណ្តើមយកតំបន់ Crimea ដែលរុស្សីកាន់កាប់នោះមកវិញ។
លោកប្រធានាធិបតី បានបន្តទៀតថា ៖ រដ្ឋាភិបាលទីក្រុងគៀវ កំពុងរៀបចំបង្កើតអង្គភាពយោធាថ្មីជាច្រើនទៀត ជាពិសេសដែលពាក់ព័ន្ធទៅ នឹងបេសកកម្មនិងភារកិច្ចមួយនេះ ខណៈដែលក្រុមកម្លាំងពិសេសជាច្រើន ហើយកំពុងហ្វឹកហ្វឺននៅក្រៅប្រទេស។
លោក Zelensky បានពោលបែបនេះថា ៖ ពួកយើងកំពុងឈានមួយជំហ៊ានទៀត បែបយោធា ដើម្បីរៀបចំខ្លួនឲ្យបានរួចរាល់ទាំងកាយ និងចិត្តព្រមទាំងបច្ចេកទេស និងអាវុធផង ។ យើងនឹងមានអង្គភាពថ្មីៗជាច្រើនទៀត មានជំនាញពិសេសៗផ្សេងគ្នាហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបញ្ជូនពួកគេ ជាច្រើនមកហើយទៅ បណ្តុះបណ្តាលពិសេសនៅក្រៅប្រទេស។
គួរឲ្យដឹងដែរថា ទាំងប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមន្ត្រីកំពូលផ្សេងទៀត តែងតែបានលើកឡើងដដែលថា នឹងធ្វើយ៉ាងណាឲ្យអ៊ុយក្រែន អាចធ្វើការវាយលុកយកទីតាំងកាន់កាប់ទាំងឡាយ ដែលរុស្សីលុកលុយពីអ៊ុយក្រែន នោះមកវិញរួមទាំងតំបន់ Crimea ដែលបានធ្លាក់ទៅដៃក្រុងមូស្គូ កាលពីឆ្នាំ២០១៤នោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី