បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកនឹងបន្តស្ថិត នៅក្នុងសង្គ្រាមនិងជម្លោះភូមិសាស្ត្រ នយោបាយដរាប ណាអង្គការណាតូ នៅតែបន្តអាកប្បកិរិយា ដូចជាការធ្វើសង្គ្រាម ត្រជាក់បែបនេះ។
អ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងបែបនេះថា ៖ ការប្រកាន់យកចិត្តគំនិត សង្គ្រាមត្រជាក់នាំឱ្យមានការប្រឆាំងនិងការប្រឈមមុខដាក់គ្នា ។ ការបញ្ចប់នៃសង្គ្រាម ត្រជាក់ជាង បីទសវត្សរ៍មុន មិនមែនមានន័យថា ការបញ្ចប់ទាំងស្រុង នៃចិត្តគំនិត នៅក្នុងសង្រ្គាម ត្រជាក់នោះទេ ។ ជញ្ជាំងប៊ែរឡាំងត្រូវបានរុះរើ ប៉ុន្តែរបងនៃមនោគមវិជ្ជា និងការរើសអើង ដោយផ្អែកលើតម្លៃនៅតែបន្តមានវត្តមាននៅឡើយ។
លោក Wang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅចំពេលនៃគំរប់ខួបមួយឆ្នាំ នៃប្រតិបត្តិការយោធា ពិសេសដោយប្រទេសរុស្សី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយមុននេះបន្តិចក្រសួង ក៏បានបង្ហាញនូវចំណុច ជាសំណើចំនួន១២ផងដែរ ដែលនឹងអាច ជួយឲ្យជម្លោះនៅអ៊ុយក្រែន អាចនឹងបញ្ចប់ទៅ។
លោក Wang ថែមទាំងបានរិះគន់ទៀតថា អង្គការណាតូ ដែលបានបង្កើតឡើង តាំងតែពីឆ្នាំ១៩៤៩ សម្រាប់បំពេញកិច្ចការងារសន្តិសុខ ប្រឆាំងទៅនឹងសហភាពសូវៀត មកដល់ពេលនេះ នៅតែបន្តកិច្ចការងារនេះ នៅឡើយ ទោះបីជាសហភាពសូវៀត បានដួលរលំទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី