ប៉េកាំង៖ នៅថ្ងៃគម្រប់ខួបមួយឆ្នាំនៃជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ប្រទេសចិន បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានការដោះស្រាយផ្នែកនយោបាយនៃវិបត្តិអ៊ុយក្រែន ជាមួយនឹងផែនការជាក់លាក់បន្ថែមទៀត ដែលសម្រួលដល់ក្តីបារម្ភរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន ក្នុងលក្ខណៈអព្យាក្រឹត និងជាប់លាប់។
នៅក្នុងឯកសារគោលជំហរ ១២ចំណុចដែលមានចំណងជើងថា “ជំហររបស់ចិន លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យបញ្ឈប់អរិភាព និងបន្តការចរចាសន្តិភាព បញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី និងបោះបង់ចោលស្មារតីនៃសង្គ្រាមត្រជាក់។
ចិនក៏បានអំពាវនាវឱ្យគោរពអធិបតេយ្យភាព នៃប្រទេសទាំងអស់ និងសម្តែងការប្រឆាំង ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។
អ្នកជំនាញចិនបានឲ្យដឹងថា ឯកសារនេះគួរតែត្រូវបានគេចាត់ទុកជាប្លង់មេ ដែលធ្វើឱ្យគោលការណ៍របស់ប្រទេសចិន ច្បាស់លាស់ សម្រាប់ការដោះស្រាយវិបត្តិ និងបានចង្អុលបង្ហាញផ្លូវជាមូលដ្ឋាន ដើម្បីសម្រេចបានវាប្រកបដោយភាពស្ថាបនា។
ទោះបីជាឯកសារនេះបានឆ្លុះបញ្ចាំងពីជំហររបស់ចិនជាអ្នកបង្កើតសន្តិភាព និងអ្នកសម្របសម្រួលការចរចា ក៏ដូចជាភាពស្មោះត្រង់ដ៏អស្ចារ្យរបស់ចិនក្នុងអភិបាលកិច្ចសកលក៏ដោយ អ្នកជំនាញបានស្នើថា ដំណើរនៃជម្លោះភាគច្រើនអាស្រ័យទៅលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ហើយបរិយាកាស និងឆន្ទៈក្នុងការចរចា ហាក់ដូចជានៅឆ្ងាយពីភាពចាស់ទុំ ដោយសារការជ្រៀតជ្រែករបស់អាមេរិក និងណាតូ៕ ប្រែសម្រួល ឈូក បូរ៉ា