ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន គ្រោងជួបជាមួយលោក ហ្ស៊ី ជិនពីង ក្រោយក្រុងប៉េកាំង អំពាវនាវឲ្យមានការ ចរចាស្វែងរកសន្តិភាព

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹង ជួបសមភាគីចិន គឺលោក ហ្ស៊ី ជិនពីង បន្ទាប់ពីក្រុងប៉េកាំងបានអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។

លោក Zelenskyy ក៏បានថ្លែងផងដែរថា លោកកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់អាវុធរបស់ចិន ដល់ប្រទេសរុស្ស៊ី ដើម្បីបញ្ចៀសហានិភ័យណាមួយនៃ “សង្គ្រាមលោកលើកទី៣” ។

លោកបានប្រាប់ដល់ក្រុម អ្នកសារព័ត៌មានថា “ខ្ញុំគ្រោងនឹងជួបជាមួយលោក ហ្ស៊ី ជិនពីង” គាត់បានប្រាប់ដល់អ្នកយកព័ត៌មាន នៅគ្រាដែលអ៊ុយក្រែនប្រារព្ធខួប១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី ។

“នេះនឹងមានសារៈសំខាន់ សម្រាប់សន្តិសុខពិភពលោក” លោកប្រធានាធិបតីបានបញ្ជាក់ដូច្នេះ ។

លោក Zelenskyy មិនបានថ្លែងថា ពេលណា ឬកន្លែងណាដែលលោកគ្រោងជួបលោក ហ្ស៊ី នោះទេ ប៉ុន្តែបានសម្តែងក្តីសង្ឃឹមថា ចិន នឹងគាំទ្រ “សន្តិភាព” និងអ៊ុយក្រែន ។

លោក Zelenskyy បានថ្លែងថា “ខ្ញុំពិតជាចង់ជឿថា ប្រទេសចិន នឹងមិនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីទេ ។ វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ” ។

គួររំលឹកថា កាលពីព្រឹកថ្ងៃសុក្រ ប្រទេសចិន បានអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ខណៈដែលខ្លួនបានចេញផ្សាយ ឯកសារគោលជំហរ ស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top