ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិកថា ការបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែន អាចចំណាយពេលឆាប់បំផុត១ឆ្នាំ

បរទេស៖ ការបញ្ជូនរថក្រោះ Abrams ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន អាចចំណាយពេលដល់ទៅមួយឆ្នាំ ឬច្រើនជាងនេះ ទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់របស់ទីក្រុងគៀវ ដើម្បីពន្លឿនដំណើរការបញ្ជូននេះក៏ដោយ ។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់កងទ័ពអាមេរិកលោកស្រី Christine Wormuth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Wormuth ត្រូវបានដកស្រង់ដោយ CNN ដែលបាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍ Defence Writers Group ថា “វាមិនមែនជាបញ្ហាប៉ុន្មានសប្តាហ៍ទេ ខ្ញុំនឹងនិយាយបែបនោះ។ គ្មានជម្រើសណាមួយដែលយើងកំពុងស្វែងត្រឹមមួយសប្តាហ៍ ឬពីរខែនោះទេ។ មានការកំណត់ពេលវេលាយូរជាងនេះ ប៉ុន្តែខ្ញុំគិតថា មានជម្រើសតិចជាងពីរឆ្នាំ ឬ តិចជាងមួយឆ្នាំកន្លះ” ។

លោកស្រី Christine Wormuth បានបន្ថែមថា វានៅតែមិនទាន់ច្បាស់ថាតើរថក្រោះទាំងនោះនឹងត្រូវដឹកជញ្ជូននៅចុងឆ្នាំនេះឬយ៉ាងណា។ យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កំពុងត្រូវបានបង្ហាញជាមួយនឹងជម្រើសផ្សេងៗគ្នា រួមទាំងការកសាងរថក្រោះ Abrams “ពីគ្មាន” សម្រាប់អ៊ុយក្រែន ដែលជាធម្មតាមិនមែនជាជម្រើសដ៏សក្តិសមបំផុតនោះទេ។

យោងតាមលោកស្រី Wormuth សហរដ្ឋអាមេរិកក៏កំពុងពិចារណាផងដែរក្នុងការបញ្ជូនរថក្រោះ Abrams ទៅកាន់អ៊ុយក្រែន ដែលពីមុនត្រូវបានលក់ទៅឱ្យប្រទេសផ្សេងទៀត ប៉ុន្តែជម្រើសនេះនឹងធ្វើឱ្យមានការរំខានដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top