ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បេឡារុស្ស គ្រោងបំពេញទស្សនកិច្ច នៅចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ 

ហេលហ្សេនគី៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានឲ្យដឹងថា តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី០២ ខែមីនា។

អ្នកជំនាញបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយនឹងការផ្តោតលើការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺរាតត្បាត និងជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចជាប្រធានបទសំខាន់ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងពេលវេលាដ៏ពិសេសមួយ ខណៈដែលប្រទេសចិន កំពុងជំរុញយ៉ាងទូលំទូលាយនូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបង្កើនប្រសិទ្ធភាពគោលនយោបាយ កូវីដ-១៩របស់ខ្លួន និងកំពុងប្រារព្ធខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

 លោក Cui Heng ជំនួយការអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល សម្រាប់ការសិក្សារុស្ស៊ី នៃសាកលវិទ្យាល័យ East China Normal University បានប្រាប់ Global Times កាលពីថ្ងៃសៅរ៍ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតលើការស្តារសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ចិន-បេឡារុស្ស ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ រយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលរួមមានសួនឧស្សាហកម្មចិន-បេឡារុស្ស និងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរលើការផលិតរថយន្ដដឹកទំនិញធុនធ្ងន់។

ជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយក៏នឹងត្រូវពិភាក្សាផងដែរ ព្រោះវាបាននាំឱ្យមានទំនាក់ទំនងកាន់តែតានតឹងរវាងលោកខាងលិច និងរុស្ស៊ី ក៏ដូចជាលោកខាងលិច និងបេឡារុស្ស លោក Cui បានព្យាករណ៍ដោយកត់សម្គាល់ថា ដោយមើលឃើញពីស្ថានភាពនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនមានន័យច្រើនចំពោះបេឡារុស្ស។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន Xinhua លោក Lukashenko បានឲ្យដឹងថា គ្មានបញ្ហាណាមួយក្នុងពិភពលោកអាចដោះស្រាយ បានដោយគ្មានប្រទេសចិននាពេលបច្ចុប្បន្ននេះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបេឡារុស្ស BelTA ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top