ព័ត៌មានអន្តរជាតិ

ប្រធានចារកម្មរបស់រុស្ស៊ី វាយតម្លៃថា លោក Burns ប្រហែលជាមិនទាន់ទទួលបាន បទពិសោធន៍ច្រើន ជានាយក CIA អាមេរិក

បរទេស៖ ប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានផ្តល់ការវាយតម្លៃជាវិជ្ជមាន នៃកិច្ចពិភាក្សាកាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនាយក CIA របស់អាមេរិក នៅទីក្រុងរបស់ប្រទេស តួកគី។ ការកត់សម្គាល់របស់លោក Sergey Naryshkin ប្រធានចារកម្មរុស្ស៊ី បានកើតឡើងបន្ទាប់ពីលោក William Burns ប្រធាន CIA បានចោទសមភាគីរុស្ស៊ី របស់លោកថាបានបង្ហាញពី “អាកប្បកិរិយារឹងរូស” ក្នុងអំឡុងពេលការចរចា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Naryshkin ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់ដែលបាន ធ្វើឡើងដោយលោក Burns នៅក្នុងបទសម្ភាសន៍របស់ CBS News ក្នុងអំឡុងពេលដែលគាត់បានពណ៌នា កិច្ចប្រជុំកម្រិតខ្ពស់រវាងអ្នកទាំងពីរថា “ធ្វើឱ្យខូចអារម្មណ៍” ។

លោក Naryshkin បាននិយាយថា “ខ្ញុំនៅតែវាយតម្លៃជាវិជ្ជមានអំពីលក្ខណៈ និងលទ្ធផលនៃកិច្ចប្រជុំជាមួយ សហសេវិករបស់ខ្ញុំលោក William Burns” ដោយកត់សម្គាល់ថាការចរចា នៅក្នុងរដ្ឋធានីរបស់តួកគី គឺមានសារៈសំខាន់ ហើយបានដំណើរការ “ក្នុងបរិយាកាសដ៏សុខស្រួលបំផុត”។

ប្រធានចារកម្មរបស់ ទីក្រុងមូស្គូបានបន្តបង្ហាញពី “ការគោរពដ៏អស្ចារ្យ” របស់លោកចំពោះសមភាគីអាមេរិក។ លោកថា លោក Burns គឺជា “អ្នកការទូតដែលមានបទពិសោធន៍ និងប៉ិនប្រសប់… ដែលប្រហែលជាមិនទាន់ ទទួលបានបទពិសោធន៍ច្រើននៅឡើយ” ជានាយក CIA ៕

ប្រែសម្រួលៈ ណៃ តុលា

To Top