លោក Li Kunping ដែលមានអាយុ ៨១ ឆ្នាំ ជាអ្នកភូមិ Huangkeng ស្រុក Suichuan ខេត្ត Jiangxi ប្រទេសចិន ហើយគាត់ធ្លាប់ជាគ្រូបង្រៀន នៃសាលាបឋមសិក្សា នៅក្នុងភូមិនេះផងដែរ ។
ដោយសារមូលហេតុ ដូចជាអ្នកភូមិជាច្រើន បានចំណាកស្រុកចេញ ទៅធ្វើការនៅទីក្រុង កុមារជាច្រើនមិនបានរស់នៅ ជាមួយឳពុកម្តាយទេ ។
រហូតដល់ឆ្នាំ ២០១២ ក្នុងភូមិនេះ មានកុមារចំនួនជាង ១២០០ នាក់ ដែលមិនបានរស់នៅ ជាមួយឳពុកម្តាយ។ លោក Li Kunping មានការព្រួយបារម្ភ ចំពោះការសិក្សា ជីវភាពរស់នៅ និងសុវត្ថិភាព របស់កុមារទាំងនេះ ដែលក៏ជាអ្វីដែលរដ្ឋបាល ក្នុងតំបន់ព្រួយបារម្ភផងដែរ ។
កាលពីឆ្នាំ ២០១២ រដ្ឋបាលស្រុក Suichuan បានចាប់ផ្តើម អំពាវនាវឱ្យតំបន់នានា ក្នុងស្រុកនេះបង្កើត “ផ្ទះសម្រាប់ថែទាំកុមារ ដែលមិនរស់នៅជាមួយឳពុកម្តាយ” ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋបាល លោក Li Kunping បានក្លាយជា “អាណាព្យាបាលស្តីទី” “គ្រូបង្រៀនបន្ថែមក្រៅម៉ោងរៀន ដោយឥតគិតថ្លៃ” និង “អ្នកឃោសនាសុវត្ថិភាព” ។
លោកបានយកប្រាក់សន្សំទាំងអស់ របស់ខ្លួនដើម្បីរៀបចំបន្ទប់អានសៀវភៅ នៅក្នុងផ្ទះរបស់ខ្លួន ហើយយកដីទំនេរ នៅមុខផ្ទះខ្លួនធ្វើជា”កន្លែងកីឡា” ។”ផ្ទះដ៏កក់ក្ដៅ”របស់លោកបាន ផ្តល់កន្លែងសិក្សានិងកម្សាន្ត ដោយឥតគិតថ្លៃសម្រាប់កុមារក្នុងភូមិ ។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្នុងរយៈពេល ១០ ឆ្នាំ ក្មេងៗ បានឆ្លងពេលឈប់ សម្រាកយ៉ាងសប្បាយរីករាយ នៅក្នុង “ផ្ទះដ៏កក់ក្ដៅ” នេះ។ ក្មេងៗធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯ លោក Li Kunpingបានចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមានសប្បុរសជន កាន់តែច្រើនបានផ្តល់ជំនួយ ដល់កុមារក្នុងភូមិ ដើម្បីបន្តក្តីស្រឡាញ់ ចំពោះកុមារដោយឥតឈប់ឈរ ។