គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមកិច្ចចរចាសមាជិកភាព នៅចុងឆ្នាំនេះ ។
លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក បានឲ្យដឹងថា អ៊ុយក្រែន បានបញ្ចប់ការងារ ចាំបាច់រួចហើយលើអនុសាសន៍ចំនួន៧ ដែលត្រូវការសម្រាប់ សមាហរណកម្មកាន់តែជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប។
លោកស្រី Stefanishyna បានលើកឡើងថា ជាពិសេសអ៊ុយក្រែន បានធ្វើឱ្យមានការវិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងកំណែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រីបានបន្តថា ឥឡូវនេះយើងកំពុងរង់ចាំការ វាយតម្លៃរបស់គណៈកម្មការអឺរ៉ុប និងអនុសាសន៍បន្ថែមទៀតរបស់វា”។ នៅខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែនជាបេក្ខជន សម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ។
គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវតម្រូវការចំនួន៧ ដែលត្រូវបំពេញដោយអ៊ុយក្រែន សម្រាប់ការចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិក៕