បរទេស៖ មេបញ្ជាការកងទ័ពការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមី របស់រុស្ស៊ី ឧត្តមសេនីយ៍ឯក លោក Igor Kirillov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការបង្កហេតុក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងការប្រើប្រាស់សារធាតុពុល ហើយនឹងរៀបចំដើម្បីបន្ទោសលើប្រទេសរុស្ស៊ី ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Kirillov កាលពីថ្ងៃទី២២ ខែកុម្ភៈ អង្គការមិនមែនរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកបានធ្វើសន្និសីទស្តីពីព្រឹត្តិការណ៍នានាក្នុងប្រទេសអ៊ុយក្រែន ហើយអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីលោក John Sullivan បានធ្វើសេចក្តីថ្លែងការណ៍មួយ ដែលជាពិសេសបាននិយាយថា កងទ័ពរុស្ស៊ីគ្រោងនឹងប្រើប្រាស់អាវុធគីមីនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស។
លោក Kirillov បាននិយាយថា “យើងចាត់ទុកព័ត៌មាននេះថាជាចេតនារបស់សហរដ្ឋអាមេរិកផ្ទាល់ និងសមិទ្ធិផលរបស់ខ្លួនដើម្បីអនុវត្តការបង្កហេតុក្នុងប្រទេសអ៊ុយក្រែនដោយប្រើសារធាតុគីមីពុល” ។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ក្នុងអំឡុងពេលមានអរិភាព វានឹងមិនអាចស៊ើបអង្កេតបានត្រឹមត្រូវចំពោះការបង្កហេតុគីមីរបស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកនៅអ៊ុយក្រែននោះទេ ប៉ុន្តែបានបន្ថែមថា ក្នុងករណីមានការបង្កហេតុកើតឡើង ក្រសួងការពារជាតិរុស្ស៊ីនឹងកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសជនល្មើសពិតប្រាកដ។
ឧត្តមសេនីយ៍ឯក លោក Kirillov បាននិយាយទៀតថា សហរដ្ឋអាមេរិកទំនងជានឹងព្យាយាមប្រើប្រាស់ភ្នាក់ងារធ្វើអោយបាត់បង់សមត្ថភាពយោធា BZ (3-Quinuclidinyl benzilate) នៅអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា