បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យអង្គការអន្តរជាតិនានា គួរតែនាំគ្នាផ្តោតសំខាន់ និងងាកទៅមើលរបាយការណ៍មួយ ដែលអះអាងថា ធាតុវិទ្យសកម្មជាច្រើន កំពុងត្រូវបានដឹកចូល ទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។
លោកស្រីអ្នកនាំពាក្យរូបនេះ បានសំដែងនូវការព្រួយបារម្ភយ៉ាង ចំពោះអ្វីដែលកំពុងកើតឡើង នៅក្នុង ទីក្រុងផែសមុទ្រ Odessa ក្បែរទៅនឹងតំបន់ទាមទារ ឯករាជ្យ Moldova គឺតំបន់ Transnistria ដែលកន្លងមកអ៊ុយក្រែន តែងតែបង្កនូវបញ្ហាតានតឹង នៅក្នុងតំបន់នេះយ៉ាងខ្លាំង។
រំលឹកដែរថា ការអះអាងដែលបានធ្វើឡើង តាមរយៈរបាយការណ៍ ដែលប្រមូលបានពីការបង្ហោះ នៅលើបណ្តាញសង្គម កាលពីសប្តាហ៍កន្លងទៅនេះថា មាននាវាដឹកទំនិញ ដ៏ធំមួយមានផ្ទុក ទៅដោយសារធាតុវិទ្យុសកម្ម Californium-252 យ៉ាងច្រើនបានធ្វើដំណើរមកដល់ទីក្រុងផែសមុទ្រ Odessa តាំងតែពីថ្ងៃទី១៩ ខែកុម្ភៈមកម្ល៉េះ។
លោកស្រី Maria ក៏បានលើកឡើងដែរថា ប្រព័ន្ធត្រួតពិនិត្យធាតុវិទ្យសកម្ម ត្រូវបានបិទដំណើរការក្នុងអំឡុងពេល នៃការមកដល់ហើយជឿជាក់ នាវាដែលដឹកធាតុវិទ្យុសកម្មទាំងនោះ គឺជានាវារបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋ Ohio សហរដ្ឋអាមេរិក Frontier Technology Corporation៕
ប្រែសម្រួល៖ស៊ុនលី