បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំ នៃប្រទេសចិន និងប្រទេសបេឡារូស បានបង្ហាញនូវ ចំណាប់អារម្មណ៍ដូចគ្នា ចំពោះបំណងចង់ឃើញ នូវដំណោះស្រាយសន្តិភាពមួយ សម្រាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីចិនលោក Xi Jinping និងមេដឹកនាំបេឡារូស លោក Alexander Lukashenko ត្រូវបានគេមើលឃើញថា គឺជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាល របស់ប្រធានាធិបតីរុស្សីលោក Vladimir Putin ហើយភាគីទាំងពីរ បានបើកកិច្ចពិភាក្សាគ្នា លើកនេះនៅក្នុងទីក្រុងប៉េកាំង។
លោក Lukashenko បានលើកឡើងថា ប្រទេសរបស់លោកគាំទ្រ យ៉ាងពេញទំហឹង ចំពោះផែនការសន្តិភាព ដែលបង្កើតឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីអាចបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។
រំលឹកដែរថា ប្រទេសចិន កាលពីសប្តាហ៍កន្លងមក បានធ្វើការប្រកាសបង្ហាញនូវគំរូកិច្ចព្រមព្រៀង សន្តិភាពមួយដែលធ្វើឡើង ដោយខ្លួនផ្ទាល់ទៅកាន់អន្តរជាតិ ដោយក្នុងនោះបានអំពាវនាវ ឲ្យមានការគោរព ចំពោះដែនអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ពួកគេរៀងៗ ខ្លួនផងដែរ។
គួរឲ្យដឹងដែរថា ជំនួបគ្នាលើកនេះបានធ្វើឡើង បន្តិចនៅក្រោយពេល ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការបញ្ជូនលោករដ្ឋមន្ត្រី ការបរទេសចិន Wang Yi ទៅជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធីបតីរុស្សីលោក Putin នៅក្នុងប្រទេសរុស្សី ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									