ព័ត៌មានអន្តរជាតិ

មូស្គូ៖ លោក Blinken កុហកចំពោះអ្វីដែលគាត់ បាននិយាយជាមួយនឹង Lavrov

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ត្រូវបានភាគីខាងរដ្ឋាភិបាល ទីក្រុងមូស្គូអះអាងថា បានកុហកបោកប្រាស់គ្រប់គ្នានូវអ្វី ដែលជាកិច្ចសន្ទនាគ្នារយៈពេលខ្លី ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergery Lavrov។

ថ្លែងទៅកាន់សន្និសិទកាសែត មួយកាលពីថ្ងៃព្រហស្បតិ៍លោក Blinken បានពោលថាលោកនិងលោក Lavrov បានពិភាក្សាគ្នាបានបន្តិចពិតមែន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ G20 ក្នុងប្រទេសឥណ្ឌាដែលក្នងចំណោម ប្រធានបទដែលត្រូវបានពិភាក្សានោះលោក Blinken បានបញ្ជាក់ថាភាគីរុស្សី បានលើកឡើងអំពីការចាប់ខ្លួន និងការឃាត់ខ្លួនដែល មិនត្រឹមត្រូវទៅលើលោក Paul Whelanដែលកំពុងជាប់ទោស នៅរុស្សីរយៈពេល ១៦ឆ្នាំនោះ។

លោក Blinken បានបន្តថា៖ សហរដ្ឋអាមេរិកបានដាក់សំណើ រួចរាល់ហើយដើម្បីដំណើរការ កិច្ចការងារដោះលែងអ្នកទោសរូបនេះ ហើយរដ្ឋាភិបាលទីក្រុងមូស្គូគួរតែទទួលយកវា។

ទោះបីជាយ៉ាងណាក្តីភាគីខាងរុស្សី តំណាងដោយលោកស្រី Maria Zakharova អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី បានថ្លែងថាលោកស្រីបានស៊ើបសួរ កិច្ចការនេះទៅកាន់លោក Lavrov ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសរុស្សីរូបនេះអះអាងថា គ្មានការពិភាក្សាណាមួយ ឬការលើកឡើងអំពីបញ្ហាអ្នកទោស Whelan ឡើយរវាងលោកនិងលោក Blinken ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top