បរទេស៖ ក្រុមហ៊ុន United Aircraft Corporation (UAC) ដែលជាក្រុមហ៊ុនផលិតយន្តហោះរដ្ឋ ដ៏សំខាន់របស់ប្រទេសរុស្ស៊ី បាននិយាយថា ការសាកល្បងលើយន្តហោះ ដឹកជញ្ជូនយោធាថ្មីមួយបានដំណើរការ ខុសប្រក្រតីនៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ហើយបុគ្គលិកម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបាន រងរបួសដោយសារគ្រោះថ្នាក់នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រ Aviastar ក្នុងទីក្រុង Ulyanovsk ក្នុងតំបន់ Volga របស់ប្រទេសរុស្ស៊ី។ រោងចក្រនេះមានជំនាញក្នុងការផលិត និងថែទាំយន្តហោះដឹកជញ្ជូនយោធា និងស៊ីវិល។
ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ ដោយដកស្រង់ពីសេវាសង្គ្រោះបន្ទាន់ថា UAC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ Telegram ដោយបន្ថែមថា យ៉ាងហោចណាស់បុគ្គលិកម្នាក់ នៅក្នុងរោងចក្រនេះបានស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ ដោយបន្ថែមថាមនុស្ស មួយចំនួនទៀតបានរងរបួស ទោះបីជាចំនួនពិតប្រាកដ មិនត្រូវបានបង្ហាញក៏ដោយ។ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានរងផលប៉ះពាល់ដោយគ្រោះថ្នាក់នេះ ។
UAC បាននិយាយថាហេតុផល សម្រាប់ឧបទ្ទវហេតុនេះនៅតែ “កំពុងត្រូវបានស៊ើបអង្កេត” ។ យោងតាម RIA ឧប្បត្តិហេតុនេះបានកើតឡើង នៅពេលដែលតួយន្តហោះកំពុងត្រូវបានសាកល្បង សម្រាប់ភាពសុចរិតនៃរចនាសម្ព័ន្ធ៕
ប្រែសម្រួលៈ ណៃ តុលា