ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តី Quad ប្ដេជ្ញាដោះស្រាយ បញ្ហាប្រឈមនៅ ដែនសមុទ្រចិនខាងត្បូង និងខាងកើត

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានសន្យានៅថ្ងៃសុក្រនេះ ក្នុងដោះស្រាយបញ្ហាប្រឈម ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ក្នុងការបង្ហាញសាមគ្គីភាព ប្រឆាំងនឹងការអះអាងយោធា របស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។

ប្រទេសប្រជាធិបតេយ្យ ឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ ដែលត្រូវបានគេស្គាល់ថាជាក្រុម Quad ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពី “ការធ្វើយោធានៃលក្ខណៈជម្លោះ និងការប្រើប្រាស់ដ៏គ្រោះថ្នាក់ នៃនាវាឆ្មាំឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្រ” នៅក្នុងតំបន់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពី ពួកគេការប្រមូលផ្តុំគ្នានៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។

កិច្ចប្រជុំនេះបានកើតឡើងចំពេល ដែលរដ្ឋាភិបាលដឹកនាំដោយកុម្មុយនិស្ត បង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងការឈ្លានពានម្តងហើយម្តងទៀត ចូលទៅក្នុងដែនទឹករបស់ ជប៉ុននៅជុំវិញប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយ ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងកើត។

អ្នកការទូតកំពូលក៏បានឲ្យដឹងផងដែរ អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានឈានចូលឆ្នាំទីពីររបស់ខ្លួន កាលពីសប្តាហ៍មុនដោយថា ការប្រើប្រាស់ឬការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរគឺ “មិនអាចទទួលយកបាន” ប៉ុន្តែ​ពួកគេ​មិន​បាន​ថ្កោលទោស​រុស្ស៊ី ដោយ​អាច​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង ​មិត្តភាព​របស់​ឥណ្ឌា​ជាមួយ​ក្រុង​ម៉ូស្គូ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានចូលរួមកិច្ចពិភាក្សានេះ ដែលជាលើកដំបូងចាប់តាំងពី ពួកគេបានជួបគ្នាក្នុងខែកញ្ញា នៅទីក្រុងញូវយ៉ក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកចូលរួមនឹងគាំទ្រ “ការដោះស្រាយជម្លោះដោយសន្តិវិធី” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងនឹង “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top