ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងឡាតវី ចុះហត្ថលេខា លើសេចក្តីប្រកាស ស្តីពីការគាំទ្រ សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរ៉ុប-អាត្លង់ទិក របស់អ៊ុយក្រែន

គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គីបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីឡាតវី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក គឺលោក Egils Levits បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលបញ្ជាក់ពីការគាំទ្រ របស់ប្រទេសឡាតវី សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន។

ឯកសារ​នេះ​ត្រូវ​បាន​គេ​សរសេរ ​ក្នុង​អំឡុង​ពេល​ជំនួប​របស់​ប្រធានាធិបតី​ទាំង​ពីរ​ នៅ​ទីក្រុង Lviv ភាគ​ខាង​លិច​ ប្រទេស​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក ហ្សេឡិនស្គី បានលើកឡើងពីសារៈសំខាន់ នៃសេចក្តីប្រកាសនេះ ហើយបានកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសឡាតវី ចំពោះបូរណភាពទឹកដី របស់អ៊ុយក្រែន និងចលនាឆ្ពោះទៅរកសមាជិកភាព ក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ។

សម្រាប់ផ្នែករបស់លោកវិញ លោក Levits បានកត់សម្គាល់ថាប្រទេសរបស់លោក នឹងបន្តការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន។ លោក​បាន​ថ្លែង​ថា “យើង​នឹង​ផ្តល់​ជំនួយ​ឲ្យ​បាន​ដរាប​ណា​វា​ត្រូវ​ការ”។

ភាគីនានាក៏បានពិភាក្សាអំពីវិធីពង្រឹងកងទ័ពអ៊ុយក្រែន ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ការចូលរួមរបស់ឡាតវី ក្នុងការកសាងអ៊ុយក្រែនឡើងវិញ និងបញ្ហាផ្សេងៗទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top