ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការអះអាង គ្មានមូលដ្ឋានរបស់អង់គ្លេស ចំពោះការរឹបអូសយក នាវាដឹកអាវុធអ៊ីរ៉ង់ នៅសមុទ្រអូម៉ង់

តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃសុក្របានច្រានចោល ការអះអាងរបស់ចក្រភពអង់គ្លេសថា “បានរឹបអូសការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់” នៅក្នុងឈូងសមុទ្រអូម៉ង់ ទំនងជាឆ្ពោះទៅកាន់ប្រទេសយេម៉ែន។

កងទ័ពជើងទឹកអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា “បានរឹបអូសកាំជ្រួចប្រឆាំងរថក្រោះ និងព្រុយ សម្រាប់ការផ្គុំមីស៊ីលផ្លោង អំឡុងពេលការវាយឆ្មក់ លើទូកតូចមួយ ដែលធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ ទំនងជាទៅកាន់ប្រទេសយេម៉ែន” នៅឈូងសមុទ្រអូម៉ង់ ក្នុងប្រតិបត្តិការរួមគ្នា ជាមួយកងកម្លាំងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងនោះ ដែលបានបញ្ជូនសព្វាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យ “សម្ព័ន្ធ” មិនអាចលើកលែងទោសខ្លួនឯង ដោយការចោទប្រកាន់អ្នកដទៃបាននោះទេ។

ប្រទេសទាំងនេះ ដែលស្ថិតក្នុងចំណោម អ្នកនាំចេញអាវុធ និងសម្ភារៈយោធាដ៏ធំបំផុតទៅកាន់តំបន់ជម្លោះ ព្យាយាម “បំភាន់មតិសាធារណៈ ទូទាំងសកលលោក តាមរយៈការបង្កើតការអះអាងដោយគ្មានមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត” ។

លោក Kanaani បានអំពាវនាវឱ្យប្រទេសទាំងនេះ ជំនួសឱ្យការជៀសវាង ការទទួលខុសត្រូវរបស់ពួកគេ ទាក់ទងនឹងសង្គ្រាម ដែលបានដាក់លើប្រជាជនយេម៉ែន ដើម្បីបញ្ចប់វិធីសាស្រ្ត “ឱកាសនិយមនិងប្រាក់ចំណេញ” របស់ពួកគេឆ្ពោះទៅរកសង្រ្គាម “ឃោរឃៅ” នៅក្នុងប្រទេសអារ៉ាប់។

ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ចេញពីរដ្ឋធានីសាណា៕ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top